សិក្ខាសាលាពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដិពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ក្រោមការសហការរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជាមួយអង្គការ UNDP និងអង្គការ Vital strategies សិក្ខាសាលាពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥ បានរៀបចំឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធប្រមាណជាង៨០រូប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានគូសបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះ បានបង្ហាញអំពីការរួមចំណែកក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មរបស់ជាតិ និងការសម្រេចបាននូវបេសកកម្មចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យការងារអត្តសញ្ញាណកម្មដោយមិនទុកនរណាម្នាក់ចោល ឱ្យនៅក្រៅបញ្ជីឡើយ។


ឯកឧត្តមបន្តថា ជារួម ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) គឺជាមូលដ្ឋានគ្រឹះ និងជាមគ្គុទេសក៍ដ៏សំខាន់លើការងារអត្តសញ្ញាណកម្មបន្តពីផែនយុទ្ធសាស្ត្រជាតិដំណាក់កាលទី១ (NSPI 1.0) ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) និងអត្តសញ្ញាណឌីជីថល ដើម្បីបង្កើនអត្រាចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណកម្ម ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មថ្នាក់ជាតិ និងប្រព័ន្ធនៃការផ្តល់សេវាជូនប្រជាពលរដ្ឋខ្មែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





