អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ នៅដើមខែកញ្ញានេះកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងស្ទើររាល់ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ក្នុងរយៈពេល១០ថ្ងៃ ដើមខែកញ្ញា ឆ្នាំ២០២៥នេះ នៅកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ។ ជាក់ស្ដែងគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា មានអគ្គិភ័យកើតឡើងចំនួន១២ករណី។ គ្រោះកាចនេះបានបណ្ដាលឱ្យខូចខាតផ្ទះចំនួន៨ខ្នង បន្ទប់១ តូបលក់ដូរ១ ឃ្លាំង១ខ្នង យានដ្ឋាន១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ខណៈក្នុងចំណោមជនរងគ្រោះក៏មានករណីស្លាប់ផងដែរ។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះមាននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។ លោកសម្ដែងការសោកស្ដាយជាមួយពលរដ្ឋរងគ្រោះ និងបានលើកទឹកចិត្តខ្ពស់ចំពោះការខិតខំអន្តរាគមន៍របស់សមត្ថកិច្ច។ ដើម្បីពង្រឹងការទប់ស្កាត់លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទោះជាពេលនេះជារដូវវស្សាក៏ដោយ ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទាំងតាមបណ្ដាខ្នងផ្ទះ ទីសក្ការៈ និងវត្តអារាមជាដើម ដោយលោកទទូចឱ្យពលរដ្ឋត្រៀមជានិច្ចនូវបំពង់ពន្លត់អគ្គិភ័យ ធុងទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ និងទុកដាក់សារធាតុងាយឆេះ ឬផ្ទុះឱ្យបានត្រឹមត្រូវ មុនចេញពីផ្ទះត្រូវបិទប្រព័ន្ធអគ្គិសនី និងពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាស ឬឧស្ម័ន ទៀន ធូបជាដើម។
គួររំលឹកថា កាលពីឆ្នាំ២០២៤ កម្ពុជាមានករណីអគ្គិភ័យចំនួនជាង១ពាន់លើកបណ្ដាលឱ្យមនុស្សស្លាប់១៤នាក់ និងរងរបួស៤៣នាក់។ រីឯរយៈពេល៦ខែដើមឆ្នាំ២០២៥នេះវិញមានជាង៥០០លើកបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន២១នាក់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





