ឯកឧត្តម ឆាយ ឫទ្ធិសែន សម្ដែងការរីករាយចំពោះការបង្ហាញអំពីឆន្ទៈរបស់ UNESCO ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះការបង្ហាញអំពីឆន្ទៈរបស់ UNESCO ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ។

ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង រវាងឯកឧត្តម និងឯកឧត្តម Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយបានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនប្រតិភូអំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា ដើម្បីសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

ឯកឧត្តម Sardar Umar Alam បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាននាពេលកន្លងមក និងបានលើកឡើងថា នេះជាលើកទី១ ហើយសម្រាប់ឯកឧត្តមដែលបានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដែលកន្លងមក UNESCO ធ្លាប់បានសហការជាមួយក្រសួង-ស្ថាប័ន្ថជាតិចំនួន១២ រួចមកហើយលើការងារអភិវឌ្ឍន៍ និងអភិរក្សក្នុងវិស័យវប្បធម៌ វិស័យអប់រំ វិស័យទេសចរណ៍ និងវិទ្យាសាស្ត្រ។ តាមរយៈជំនួបនេះ ឯកឧត្តមពិតជាទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា និងបានបង្ហាញអំពីការតាំងចិត្ត ក្នុងការចូលរួមចំណែកធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងលើការងារអភិវឌ្ឍន៍នៅជនបទដែល UNESCO អាចចូលរួមបានដូចជាការងារអភិវឌ្ឍន៍ភូមិគំរូគន្លឹះជាដើម។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទគាំទ្រយ៉ាងពេញទំហឹង និងសហការជាមួយ UNESCO ដើម្បីធ្វើឱ្យតំបន់ជនបទនៅកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





