ប្រហុកខ្មែរកែច្នៃកាន់តែល្បីដែលមានស្លាកសញ្ញាសម្គាល់ភូមិសាស្រ្ត GI នៅខេត្តចំនួន៣
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានលើកឡើងថា ការធ្វើពហិការដោយអត្តនោម័តមិនប្រើផលិតផលថៃពីសំណាក់ប្រជាជនខ្មែរមួយចំនួន បានធ្វើឱ្យផលិតផលខ្មែរចាប់ផ្ដើម «ត្រូវប៉ាន់» ហើយការកុម្មង់ទិញកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ផលិតផលមួយចំនួនមិនអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ និងទាន់ពេលវេលាផង។

ក្នុងបេសកកម្មដឹកនាំអ្នកសារព័ត៌មាន៣៧រូបមកពី២១ស្ថាប័ន និងស្ថាប័នពាក់ព័ន្ធសរុបអ្នកចូលរួមប្រមាណជាង៧០នាក់ លោកជំទាវបានដឹកនាំធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសមិទ្ធផលនៃសហគ្រាសដែលមានវិញ្ញាបនបត្រ CQS និងក្រុមកែច្នៃប្រហុកដែលមានស្លាកសញ្ញាសម្គាល់ភូមិសាស្រ្ត GI រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តចំនួន៣ គឺ៖ ខេត្តកំពង់ធំ សៀមរាប និងកំពង់ចាម ។
ដំណើរទស្សនកិច្ចនោះមានការចូលរួមពីលោក Koen Everaert អនុប្រធានសហប្រតិបត្តិការនៃសហភាពអឺរុបប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផល លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លោក Sulaiman Berdikeev អ្នកសម្របសម្រួលអន្តរជាតិផ្នែកឯកជន នៃអង្គការ UNIDO លោក សុខ ណារិន តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការUNIDO បណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការUNIDO និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ។

ចំពោះមុខសិប្បករកែច្នៃផលនេសាទនៅខេត្តកំពង់ធំ លោកជំទាវបានគូសបញ្ជាក់ពីសារសំខាន់នៃតួនាទីរបស់អ្នកសារព័ត៌មានក្នុងការចូលរួមផ្សព្វផ្សាយ អំពីផលិតផលកែច្នៃក្នុងស្រុករបស់ខ្មែរ ដែលមានគុណភាព សុវត្ថិភាព និងប្រកបដោយស្តង់ដារខ្ពស់។ ការចូលរួមគាំទ្រផលិតខ្មែរគឺជាអ្វីដែលកម្ពុជាចង់បាន ហើយក្រសួងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនិងសមត្ថភាព ធ្វើយ៉ាងណាជួយដល់សហគ្រាសនិងសិប្បកម្ម អាចទទួលបាននូវការគាំទ្រទាំងបច្ចេកទេស និងទុន ពីសំណាក់ដៃគូសហការ ដើម្បីពង្រឹងផលិតកម្មផង និងជាពិសេសធានាគុណភាព និងសុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទានផង។ កំណើននៃកែច្នៃផលិតផលកសិកម្មមិនត្រឹមតែអាចបង្កើនតម្លៃបន្ថែមដល់កសិផល ឬផលិតផលជលផលប៉ុណ្ណោះទេគឺ វាបានផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងអាចផ្តល់ការងារជូនប្រជាពលរដ្ឋផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





