កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ក្រោមប្រធានបទ “ឯកភាពអាស៊ានសម្រាប់សន្តិសុខនិងវិបុលភាព”
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ (ACDFM-22) ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណររគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការងារសម្របសម្រួលឱ្យភាគីកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងបណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ាន ដែលបានអនុញ្ញាតឱ្យអនុព័ន្ធយោធាចូលរួមសង្កេតការណ៍សម្រាប់ការអនុវត្តបទឈប់បាញ់។


ក្រោមប្រធានបទ “ឯកភាពអាស៊ានសម្រាប់សន្តិសុខនិងវិបុលភាព” នៃកិច្ចប្រជុំឆ្នាំនេះ ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានគាំទ្រពេញទំហឹងពីតួនាទី និងសកម្មភាពរួមរបស់ប្រទេសជាសមាជិកនិងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយរួមគ្នាលើកកម្ពស់ស្ថេរភាពក្នុងតំបន់។

សូមជម្រាបជូនថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ (ACDFM-22) ដែលបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីអគ្គមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍នានា។ ដោយឡែក អគ្គមេបញ្ជាការរងកងទ័ពប្រទេសទីម័រឡេស្តេក៏ត្រូវបានអញ្ជើញចូលរួមផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍។ តាមរបៀបវារៈនៃកិច្ចប្រជុំនេះ បណ្តាមេដឹកនាំកងទ័ពអាស៊ានទាំងអស់ បានឡើងថ្លែងបទអន្តរាគមន៍របស់ខ្លួន និងបានចូលរួមពិភាក្សាគ្នាយ៉ាងផុលផុសទៅលើបញ្ហាប្រឈមនានាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ដើម្បីធ្វើការដោះស្រាយ៕
ដោយ សំ សាម៉ន (ប្រភព៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ)





