ឯកឧត្តម ចាន់ ស៊ីណាត៖ អាកាសយានដ្ឋានអន្តរជាតិតេជោ និងរាជធានីភ្នំពេញត្រូវតែបញ្ចៀសឱ្យបានពីការលិចលង់ទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ចាន់ ស៊ីណាត បានលើកឡើងថា កិច្ចការជាច្រើនដែលបាន និងកំពុងធ្វើ និងបន្តធ្វើនៅថ្ងៃខាងមុខទៀតលើកិច្ចការគ្រប់គ្រងទឹក បង្វែរទឹក រក្សាទឹកទុកប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ការរៀបចំផែនការឱ្យបានរលូនជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយម ពិតជាគាំទ្រនូវការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃរបស់កូនខ្មែរ ព្រមទាំងខិតខំប្រឹងប្រែងធ្វើយ៉ាងណាជួយឱ្យអាកាសយានដ្ឋានតេជោអន្តរជាតិ និងរាជធានីភ្នំពេញឱ្យចៀសផុតពីការលិចលង់ទឹកជំនន់ឱ្យខាងតែបាន។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងទឹកស្ទឹងព្រែកត្នោតជាមួយក្រុមហ៊ុនខាមបូឌា អ៊ែរផត អ៊ិនវេសមែន ឯ.ក (CAIC) នៅសាលប្រជុំទីស្ដីការក្រសួង នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-MoWRAM បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រងទឹកស្ទឹងព្រែកត្នោត ជាមួយក្រុមហ៊ុនខាមបូឌា អ៊ែរផត អ៊ិនវេសមែន ឯ.ក (CAIC) ដែលមានសមាសភាពចូលរួមពីក្រុមការងារជំនាញបច្ចេកទេសជាតិ អន្តរជាតិនៃអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនផងដែរ។ កិច្ចប្រជុំមានការពិភាក្សាផ្សំរកធាតុចូល រកគន្លឹះដោះស្រាយ ក្នុងករណីបន្ទាន់ ពិសេសគឺចុះសិក្សាជាប្រចាំដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





