អង្គការ NatureLife កំពុងធ្វើការជំរឿនសត្វត្រយងចង្កំក ស ក្នុងដែនជម្រកសត្វព្រៃលំផាត់
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២ឥ២៥--
ការធ្វើជំរឿនសត្វត្រយងចង្កំ ក ស គឺជាសកម្មភាពដ៏សំខាន់មួយសម្រាប់តាមដានពីនិន្នការនៃការផ្លាស់ប្ដូរនិងការប្រែប្រួលនៃចំនួនបក្សីដ៏កម្រនេះក្នុងរដូវមិនបន្តពូជ។ ទិន្នន័យនេះនឹងជួយដល់ការរៀបចំផែនការអភិរក្សប្រកបដោយប្រសិទ្ធភាពនៅពេលអនាគត។ នេះបើតាមការឱ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

តើអ្នកដឹងទេថា ដែនជម្រកសត្វព្រៃលំផាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ទីជម្រកដ៏មានសុវត្ថិភាពដល់សត្វត្រយងចង្កំក ស ដែលជាបក្សីជិតផុតពូជបំផុតមួយនៅលើពិភពលោក? បច្ចុប្បន្ន ក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife កំពុងធ្វើជំរឿនសត្វត្រយងចង្កំកសនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងឆ្នាំ២០២៥នេះ។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែង របាយការណ៍ជំរឿនប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញពីសញ្ញាវិជ្ជមាន ដោយក្រុមការងារអភិរក្សបានកត់ត្រា សត្វត្រយងចង្កំកសបានចំនួនរហូតដល់ ២៩ក្បាល។ ចំនួននេះគឺជាតួលេខខ្ពស់ បើធៀបនឹងការជំរឿនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៤) ដោយក្រុមការងារកត់ត្រាចំនួនខ្ពស់បំផុតត្រឹមតែ២៦ក្បាលប៉ុណ្ណោះ។

ទិន្នន័យនេះសបញ្ជាក់យ៉ាងច្បាស់ថា ដែនជម្រកសត្វព្រៃលំផាត់គឺជាបេះដូងដែលកំពុងជួយទ្រទ្រង់ និងគាំទ្រដល់ការបន្តពូជ និងការរស់នៅរបស់សត្វត្រយងចង្កំក ស និងសត្វព្រៃដទៃទៀត ព្រមទាំងបង្ហាញពីសក្ដានុពល និងប្រសិទ្ធភាពនៃការខិតខំប្រឹងប្រែងអភិរក្សផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





