សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជាបណ្តុះបណ្តាលគ្រូបង្វឹក ទូកនាគ ថ្នាក់ជាតិ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥--
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ រយៈពេល៥ថ្ងៃ ០៧-១១ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដោយមានសិក្ខាកាម២៥នាក់ចូលរួម មកពីមន្ទីរអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័ន ៨រាជាធានី-ខេត្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម ម៉ាអូរី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានជំរុញឱ្យសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះជំនាញនេះទៅបន្តចែករំលែកដល់កីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេស ដើម្បីពង្រីកធនធានមនុស្សឱ្យមានសក្តានុពល ត្រៀមចូលរួមការប្រកួតកីឡាទូក ថ្នាក់ជាតិ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ បង្ហាត់ដោយគ្រូឧទ្ទេស២រូប គឺ លោក ស្រ៊ុន លាង និងលោក ណាញ ណាញធូ គ្រូបង្វឹកជម្រើសជាតិកម្ពុជា ជាជនជាតិមីយ៉ាម៉ា។ វគ្គនេះត្រូវបានធ្វើឡើងក្រោមតាមផែនការកសាងធនធានមនុស្សប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងទទួលបានការឯកភាពពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ផ្តោតសំខាន់លើខ្លឹមសារដូចជា ប្រវត្តទូកប្រពៃណីខ្មែរបុរាណ ប្រវត្តិទូកងរវែងជាងគេបំផុត ខ្នាតទូកង គោលបំណងក្នុងការបណ្តុះបណ្តាលគ្រូកម្រិតអន្តរជាតិ ចំណុះទូក ឬចំនួនកីឡាករ កីឡាការិនី ខ្នាតច្រវាអុំ ច្រវាកន្សៃ និងប្រពៃណី(ទូកនាគ) កិច្ចតែងការរបស់គ្រូបង្វឹកសម្រាប់មួយពេល ទម្រង់អុំទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) តួនាទីជាគ្រូបង្វឹក បច្ចេកទេសហាត់ទូកនាគ កម្មវិធីហ្វឹកហាត់ ការអនុវត្ត តួនាទីជាគ្រូបង្វឹក និងអនុវត្តជាមួយទូក ការអនុវត្តក្នុងតួនាទីជាគ្រូ និងអនុវត្តជាមួយសម្ភារផ្នែកកម្លាំងកាយ (GYM) ផងដែរ៕
ដោយ ហេង ណាលីន





