សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុក ម៉ាការា អនុប្រធានក្រុមប្រឹក្សា ស្តាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ បានយកចិត្តទុកដាក់យ៉ាងសំខាន់។ បច្ចុប្បន្នប្រទេសមួយចំនួនក្នុងពិភពលោក បាននិងកំពុងប្រឈមវិបត្តិសន្តិសុខស្បៀង និងការប្រែ ប្រួលអាកាសធាតុ។ កម្ពុជាមិនត្រឹមតែបញ្ចៀសបាននូវវិបត្តិស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញនូវវិធានការ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម ប្រកបដោយគុណភាព ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសស្រូវអង្ករ។

ឯកឧត្តមបានលើកឡើងដូច្នេះ ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត តំណាងអង្គការ World Vision យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិស្សនិស្សិតផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ពាក់ព័ន្ធដល់ដំណើរការនៃការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១សម្រាប់ឆ្នាំ២០២៤-២០២៨ ដោយកំណត់គោលដៅគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងផែនការសកម្មភាពជាច្រើនសំដៅសម្រាលនូវផលប៉ះពាល់ទៅលើអាកាសធាតុដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទាំងកញ្ចក់ តាមរយៈការជំរុញឲ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង និងការលើក កម្ពស់ ឥណទានបៃតង ទីផ្សារកាបូនជាដើម និងការសម្របតាមការប្រែប្រួលអាកាសធាតុដោយផ្អែកលើមូលដ្ឋាននៃការកាត់បន្ថយភាពងាយរងគ្រោះពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម អ៊ុក ម៉ាការា បានជំរុញដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននិងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់និងអនុវត្តភារកិច្ចរបស់ខ្លួនដើម្បីពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃធន់ បរិយាបន្ន ផ្ដល់របបអាហារសុខភាពនិងអាហារូបត្ថម្ភ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពឆ្នាំ២០៣០៕
ដោយ បៃ ស៊ីថុន





