សាកលវិទ្យាល័យបញ្ញាជាតិ ផ្តល់អាហារូបករណ៍១០០ភាគរយ សម្រាប់មន្ត្រីរាជការ និងសិស្សនៅក្នុងខេត្តកណ្ដាល
AKP កណ្តាល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥-- លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MASTER DEGREE) និងថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សទូទៅក្នុងខេត្តកណ្តាល ដោយបានការអញ្ជើញចូលពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា សាកលវិទ្យាល័បញ្ញាជាតិគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលបណ្តុះបណ្តាលនិស្សិតផ្តោតសំខាន់លើចំណេះដឹង សមត្ថភាព បញ្ញា និងគុណធម៌ ក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ សាកលវិទ្យាល័យបញ្ញាជាតិសូមផ្តល់អាហារូបករណ៍ ១០០ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ចំនួន៥កន្លែង សិក្សារយៈពេល២ឆ្នាំ និងផ្តល់ជូនអាហារូបករណ៍១០០ភាគរយ ថ្នាក់បរិញ្ញាបត្រ (Bacherlor Degree) ចំនួន១៥កន្លែង សិក្សារយៈពេល៤ឆ្នាំ ជូនដល់កូនក្មួយមន្ត្រីសាលាខេត្ត និងសិស្សទូទៅក្នុងខេត្តកណ្តាល ដើម្បីបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យបញ្ញាជាតិ។

សូមបញ្ជាក់ដែរថា សាកលវិទ្យាល័យបញ្ញាជាតិ មាន ០៤ មហាវិទ្យាល័យ រួមមាន៖ ១.មហាវិទ្យាល័យធុរកិច្ច និង សេដ្ឋកិច្ច ២.មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្ត្រ ៣.មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា និង៤.មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





