ការជួសជុលប្រាសាទមេបុណ្យខាងលិច ជាងចម្លាក់ជំនាន់ថ្មីខិតខំអស់ពីសមត្ថភាពឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើមទុកជាកេរដំណែលរយឆ្នាំបន្តទៀត
AKP សៀមរាប ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រាសាទមេបុណ្យខាងលិចស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា នាតំបន់បូជនីយដ្ឋានអង្គរក្នុងទឹកដីខេត្តសៀមរាប ដែលគេមើលពីចម្ងាយទៅហាក់បីដូចជាកូនកោះមួយបានផុសឡើងនៅចំកណ្តាលបឹងធម្មជាតិដ៏ស្រស់ស្អាត។ ប្រាសាទនេះបានដួលរលំបាក់បែកខ្លាំងដោយសារអាយុកាល និងការបំផ្លាញដោយកត្តាធម្មជាតិ។ ក្រុមអ្នកអភិរក្សដែលសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានជួសជុលប្រាសាទមេបុណ្យខាងលិចនេះអស់រយៈពេល៧ឆ្នាំមកហើយ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ ហើយការជួសជុលនេះដែរគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ខាងមុខ។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា ក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកក្នុងតំបន់អង្គរនេះ ដោយពួកគេកំពុងតែមមាញឹកបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ហើយជាការកត់សម្គាល់ ក្នុងនោះក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់លើថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម និងស្របតាមគណៈកម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយពួកគេផ្ចិតផ្ចង់ ខិតខំអស់ពីសមត្ថភាពដើម្បីទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។

ជាងចម្លាក់ជំនាន់ថ្មី លោក ឈឿង ជ័យ ក្នុងវ័យ៤៨ឆ្នាំ ក្នុងចំណោមអ្នកជំនាញឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច បានរៀបរាប់ឱ្យដឹងថា លោកបានចូលបម្រើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០០ លោកបានរៀនជំនាញដាប់ឆ្លាក់លើថ្មថ្មីដែលជំនួសថ្មចាស់ដែលបាត់បង់តាមទ្រង់ទ្រាយដើមឡើងវិញពីអ្នកជំនាញផង និងយកក្បាច់ចម្លាក់ដើមនៅសេសសល់ពីថ្មប្រាសាទជាគំរូផង។ លោក ឈឿង ជ័យ បានឱ្យដឹងទៀតថា តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៃការដាប់ឆ្លាក់នៅតាមការដ្ឋានជួសជុលប្រាសាទនានា លោកបានខិតខំអស់ពីសមត្ថភាពក្នុងការដាប់ឆ្លាក់ក្បាច់តាមទ្រង់ ទ្រាយដើមរបស់ប្រាសាទមេបុណ្យខាងលិចដែលផ្នែកខ្លះនៃថ្មចាស់ត្រូវបានបាត់បង់ ដើម្បីទុកជាកេរដំណែលរាប់រយឆ្នាំបន្តទៅមុខទៀត។ ចំណែកឯ លោក ហាំ ហាន់ អាយុ២៩ឆ្នាំ ជាអ្នកជំនាញឆ្លាក់ក្បាច់ចម្លាក់មកពីសិប្បករអង្គរ (Artisan Angkor) ហើយដែលបានចូលធ្វើការងារជាអ្នកជំនាញជួសជុលប្រាសាទមេបុណ្យខាងលិចនេះ តាំងពីឆ្នាំ២០១៩មក ក៏បានឱ្យដឹងដែរថា ការងារដាប់ឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិចនេះ លោកទទួលបានចំណេះដឹងបន្ថែមជាច្រើននៃក្បាច់នៅប្រាសាទ ព្រោះនៅគ្រប់ផ្នែកនៃប្រាសាទតែងមានក្បាច់ និងបានបញ្ចេញអស់ពីកម្លាំងកាយចិត្តក្នុងនាមជាអ្នកបន្តវេនលើការងារដាប់ឆ្លាក់។ លោក ហាំ ហាន់ សប្បាយចិត្តដែលបានរួមចំណែកក្នុងការចូលរួមឆ្លាក់ក្បាច់នៅប្រាសាទបុរាណ ពិសេសប្រាសាទមេបុណ្យខាងលិច ដូចក្តីបំណងដែលលោកប៉ងប្រាថ្នាតាំងពីយូរមកហើយនោះ។

គួរបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច កសាងឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នាអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ នៅកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា៕
ដោយ ហង្ស សៀក





