អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនលោក គីតាមឹរ៉ា តូស៊ីហ៊ីរូ ចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ដោយប្រទេសកម្ពុជា និងថៃ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥--
១. រដ្ឋាភិបាលជប៉ុនសូមចូលរួមសាទរដែលប្រទេសកម្ពុជា និងថៃបានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ជាមួយនឹងវឌ្ឍនភាពនៃកិច្ចពិភាក្សាទាក់ទងនឹង ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបើកឡើងវិញនូវដឹកជញ្ជូនតាមច្រកព្រំដែន ដែលនេះបង្ហាញពីលទ្ធផលដ៏សំខាន់ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។
២. រដ្ឋាភិបាលជប៉ុនក៏សូមសម្តែងការវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនាមជាប្រធានអាស៊ាន។
៣. រដ្ឋាភិបាលជប៉ុនសង្ឈឹមថា ប្រទេសកម្ពុជានិងថៃនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការសន្ទនា ដោយជប៉ុនបានចាត់ទុកថាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ៕ដោយ៖ AKP
Japanese: https://www.mofa.go.jp/mofaj/press/danwa/pageit_000001_02402.html
English: https://www.mofa.go.jp/press/release/pressite_000001_01648.html
Ministry of Foreign Affairs of Japan (https://www.mofa.go.jp/mofaj/press/danwa/pageit_000001_02402.html)
カンボジア王国及びタイ王国による一般国境委員会の開催(外務報道官談話)





