សិក្ខាកាមមន្ត្រីពីក្រសួងព័ត៌មាន បិទបញ្ចប់ដោយជោគជ័យលើវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាននៅប៉េកាំង
AKP ប៉េកាំងថ្ងៃទី១០ កញ្ញា ឆ្នាំ ២០២៥–
សិក្ខាកាមមន្ត្រីពីក្រសួងព័ត៌មានទាំង២៥រូប បានបញ្ចប់ដោយជោគជ័យលើ «វគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពសារព័ត៌មានសម្រាប់កម្ពុជា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន» ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកសាងសមត្ថភាពសារព័ត៌មានសម្រាប់កម្ពុជា» នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥នេះ កញ្ញា ឆន ណាវី អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ បានទទួលបានចំណេះដឹងថ្មីៗ អំពី ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ជីវភាពរស់នៅរបស់ប្រជាជនចិន តំបន់ទេសចរណ៍ ប្រកបដោយសក្តានុពល ភាពជឿនលឿន ការអភិវឌ្ឍន៍ និងការរួមបញ្ចូលគ្នាប្រព័ន្ធផ្សព្វផ្សាយជាមួយ AI បង្កើតបានជាប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ដែលមានភាពបត់បែនព្រមជាមួយឱកាសជាច្រើន និងការរីកចំរើននៃ បច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន។

កញ្ញាបានសង្កត់ធ្ងន់ថា ជាការពិតណាស់ ការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន គឺជាកត្តាសំខាន់ ការរីកចំរើននៃបច្ចេកវិទ្យាគឺ មានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ និងមិនអាចស្មានដឹងមុន ដូច្នេះនៅក្នុងនាមជាអ្នកសារ ព័ត៌មានត្រូវតែសម្របខ្លួន និងបង្កើនសមត្ថភាព ឆ្លើយតបទៅនឹងនិន្នាការបច្ចុប្បន្ន។ ក្នុងបរិបទពិភពលោក បច្ចុប្បន្ន ដែលមានភាពមិនច្បាស់លាស់ ព្រមជាមួយការប្រកួតប្រជែងដ៏ខ្លាំងក្លា លើវិស័យសេដ្ឋកិច្ច ប្រព័ន្ធ ផ្សព្វផ្សាយរួមផ្សំជាមួយបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញការពិត និងការអភិវឌ្ឍន៍ គ្រប់វិស័យ។

លោកស្រី Ju Hui អគ្គនាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលនៃសាកលវិទ្យាល័យ ភាសាបរទេសប៉េកាំង បានលើកឡើងដែរថា វគ្គបណ្តុះបណ្តាលសមត្ថភាពសារព័ត៌មានសម្រាប់កម្ពុជានេះ គឺជាវេទិកា ដ៏សំខាន់មួយសម្រាប់មិត្តកម្ពុជា ដើម្បីស្វែងយល់អំពីប្រទេសចិន និងលើកកម្ពស់មិត្តភាពរវាងប្រជាជនចិន និងកម្ពុជា។ សិក្ខាកាមចូលរួម មិនត្រឹមតែជាអ្នកចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ របស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាអ្នកលើកកម្ពស់ការរួមបញ្ចូលវប្ប ធម៌ និងការរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌ចិន និងកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះជាកន្លែងផ្តល់ចំណេះដឹង និងជាផ្លែផ្កានៃមិត្តភាព ចិន និងកម្ពុជា។
លោកស្រីបន្តថា នាពេលបច្ចុប្បន្ន ឌីជីថលភាវូបនីយកម្មកំពុងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិភពលោក។ បច្ចេកវិទ្យាបញ្ញាសិប្ប និមិ AI បាននាំមកនូវឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់ការ ផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែវាក៏បានធ្វើឱ្យបរិយាកាសមតិសាធារណៈមាន ភាពស្មុគស្មាញផងដែរ។
លោកស្រីបានរំលេចថា នៅចិនមានសុភាសិតចិនបុរាណមួយពោលថា “បើរៀនតែម្នាក់ឯងដោយ គ្មានមិត្តភក្តិ គឺមិនដឹងអ្វីសោះ។” «ភាពឯកោនឹងត្រូវបានរារាំង ហើយការប្រាស្រ័យទាក់ទងគ្នា នឹងនាំទៅរកវឌ្ឍនភាព»។ នេះឆ្លុះបញ្ចាំងយ៉ាង ច្បាស់ពីសារៈសំខាន់នៃសិក្ខាសាលានេះ។ តាមរយៈការផ្លាស់ប្ដូរប្រាជ្ញា និងកិច្ចសន្ទនាប្រកបដោយវិជ្ជាជីវៈ សហការីសារព័ត៌មានចិន និងកម្ពុជា មិនត្រឹមតែពង្រីកការយល់ដឹងរបស់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្កើតការឯកភាពគ្នាផងដែរ។ ការផ្លាស់ប្តូរឆ្លងព្រំដែនបែបនេះ គឺជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និង បង្កើនភាពជឿជាក់នៃទំនាក់ទំនងអន្តរជាតិ។
គួរបញ្ជាក់ដែរថា សិក្ខាកាមពីកម្ពុជា ដែលបានចូលរួមវគ្គនេះ មានចំនួន២៥រូប ពីអគ្គនាយកដ្ឋានជំនាញ ចំណុះក្រសួងព័ត៌មានដូចជា៖ អគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា (RNK) អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា (TVK) អគ្គនាយកដ្ឋាន ទីភ្នាក់ ងារសារព័ត៌មាន កម្ពុជា (AKP) ដែលផ្តោតសំខាន់ លើ ការងារផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយ បែបថ្មីជាមួយគ្នានេះ ក៏មានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលផ្តោតលើការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់ គ្រង ពង្រឹងវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ សារព័ត៌មានរួម នឹងអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ដែលមានមុខងារគាំទ្រ លើ ដំណើរការការងាររបស់ក្រសួង និង អង្គភាពចំណុះទាំងអស់៕
ដោយ៖ ចរិយា





