ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំរៀបចំ Logo រដ្ឋបាលក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ: អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំរៀបចំ Logo រដ្ឋបាលក្រុងកំពង់សោម នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងកំពង់សោម និងប្រធានមន្ទីរពាក់ព័ន្ធ។

កិច្ចប្រជុំពិភាក្សាបានជ្រើសរើសយករូបដិមាព្រះឧមា មហេសូរ ដើម្បីកំណត់ជា Logo របស់រដ្ឋបាលក្រុងកំពង់សោម ដែលជាក្រុងថ្មីមួយដែលទើបនឹងបង្កើតឡើងក្នុងខេត្តព្រះសីហនុ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ២០១អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយបានកាត់ឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺមាន ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកំពង់សោម ត្រូវបានអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ១៨២អនក្រ.បត ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោម។


កិច្ចប្រជុំបានឯកភាពយករូបបដិមាព្រះឧមា មហេសូរ ជា Logo របស់រដ្ឋបាលក្រុងកំពង់សោម ដោយមានអត្ថន័យដូចខាងក្រោម៖ ១. រូបបូ និងអក្សររដ្ឋបាលក្រុងកំពង់សោមកំណត់អត្តសញ្ញាណរដ្ឋបាលក្រុងកំពង់សោម ២. រូបបដិមាព្រះឧមា មហេសូរ តំណាងឱ្យនិមិត្តរូបនៃការបង្កើតលោក តំណាងឱ្យ សេចក្តីសុខ សុភមង្គល ភាពសុខ សាន្ត សុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម ៣. រូបដើមផ្តៅសោម តំណាងឱ្យការបង្កើតឈ្មោះ កំពង់សោម ដែលមានឈ្មោះដើមថា “កំពង់ផ្តៅសោម” ក្រោយមកត្រូវបានហៅកាត់ថា កំពង់សោម ៤. រូបគួរស្រូវ តំណាងឱ្យវិស័យកសិកម្ម ៥. រូបអក្សរ ខ្មែរធ្វើបាន បង្ហាញពីមោទនភាពជាតិខ្មែរ ៦. រូបឆ្នេរ សមុទ្រ កោះ និងពយ បង្ហាញពីសក្តានុពលទេសចរណ៍ ជីវចម្រុះ និងទេសភាពតាមបណ្តាកោះឆ្នេរនានា ៧. រូបស្ពឺបៃតង បង្ហាញសក្កានុពលសិប្បកម្ម និងឧស្សាហកម្មបៃតង ៨. រូបផ្លូវកៅស៊ូ បង្ហាញអំពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ៩. ក្បាច់ភ្ញីអង្គរ តំណាងឱ្យភាពរីកចម្រើន ភាពរុងរឿង និងសុខសន្តិភាព៕
ដោយ ងូ សុមុនី





