រដ្ឋមន្ត្រីក្រសួងអប់រំ៖ ក្នុងអំឡុងពេលមួយទស្សវត្សកន្លងមកនេះ ក្រសួងអប់រំរួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលមួយទស្សវត្សកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ តួយ៉ាងយុទ្ធនាការប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំធានាថាកុមារទាំងអស់ត្រូវបានបញ្ជូនទៅសាលារៀន ហើយក្រសួងអប់រំក៏បានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនថ្មីសម្រាប់អំណានថ្នាក់ដំបូង ដើម្បីកែលម្អប្រសិទ្ធភាពអក្ខរកម្ម និងគុណភាពនៃការរៀន ក្នុងនោះអង្គការយូណេស្កូក៏បានទទួលស្គាល់ពីវឌ្ឍនភាពជាវិជ្ជមាន ដែលសម្រេចបានក្នុងប្រទេសកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដើម្បីពង្រឹងកម្រិតអក្ខរកម្ម។ ការបញ្ជាក់យ៉ាងដូច្នេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើឡើងក្នុងទិវាអក្ខរកម្មអន្តរជាតិខួបលើកទី២៥ ក្រោមប្រធានបទ "ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល" នៅខេត្តក្រចេះ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានចាត់ទុកទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ ថាជាទិវាមួយប្រកបដោយសារៈសំខាន់ និងមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការលើកកម្ពស់អក្ខរកម្មក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស និងជាឱកាសសម្រាប់បងប្អូនជនរួមជាតិទាំងអស់រួមគ្នាលើកកម្ពស់អក្ខរកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរដើម្បីជាឧត្តមប្រយោជន៍របស់កម្ពុជា។ ឯកឧត្តមបានឱ្យដឹងថា តាមរយៈសមិទ្ធផលនៃការអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយជំរុញបាននូវអត្រាកំណើនអក្ខរកម្មសម្រាប់មនុស្សពេញវ័យប្រមាណ ១០ភាគរយ ក្នុងអំឡុងពេលមួយទស្សវត្សមកនេះ កើនឡើងពី ៧៧.៦ភាគរយ ក្នុងឆ្នាំ២០០៨ ដល់៨៧.៧ភាគរយ ក្នុងឆ្នាំ២០១៩។


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០០មក ដោយឈរលើស្មារតីថា អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹង និងជាមធ្យោបាយឈានឆ្ពោះទៅរកការសិក្សាពេញមួយជីវិត អក្ខរកម្មគឺជាគន្លឹះនៃការអភិវឌ្ឍ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ អក្ខរកម្មគឺជាមធ្យោបាយដ៏មានសារៈសំខាន់ និងមិនអាចខ្វះបានក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្នសម្រាប់ជំរុញឱ្យប្រជាពលរដ្ឋយើងមានការអភិវឌ្ឍ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





