ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុក បាធាយ
AKP កំពង់ចាម ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងប្រធានគណៈកម្មាធិការសាខា អមដំណើរដោយលោក គីមសួរ ភីរុណ ប្រធាមមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក អូត ឈាងលី ប្រធានកិត្តិយសអនុសាខាស្រុក នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនទាំង២រូប ដែលបានលះបង់គ្រូសារ ប្រពន្ធ កូន ទៅបំពេញ បេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពាន នៅតាមព្រំដែន រហូតមានជម្ងឺត្រូវមកសម្រាកព្យាបាលនីមន្ទីរពេទ្យនេះ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំនូវការសាកសួរសុខដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែបានណែនាំឱ្យគ្រប់បណ្តាញការងារគ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា ត្រូវយកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យទាន់ពេលវេលា ពិសេសផ្តោតសំខាន់ទៅលើវីរកងទ័ព យោធិនរបួស ពិការ យោធិនមានជំងឺ និងគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានជូនពរវីរកងទ័ពទាំង២រូបឱ្យឆាប់ជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញ និងសំណូមពរដល់វីរយុទ្ធជនទាំង២រូប ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ទើបឆាប់ជាសះស្បើយពីជំងឺ។
ក្នុងដំណើរចុះសួរសុខទុក្ខឯកឧត្តមប្រធានគណ:កម្មាធិការសាខា ក៏បានផ្តល់អំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់វីរកងទ័ព និងក្រុមគ្រួសារក្នុងម្នាក់ៗ ទទួលបានអង្ករ៥០គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគបរិភោគ២សម្រាប់ ត្រីខ១យួរ ផ្លែឈើស្រស់១កន្ត្រក និងថវិកាចំនួន១,០០០,០០០រៀលផងដែរ។
សូមបញ្ជាក់ថា វីរយុទ្ធជនជួរមុខ២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ មានលោកនាយចំណង់ យឹង យីង អាយុ៦០ឆ្នាំ និងលោក ព្រិន្ទបាលឯក ដួង ចិន្ត្រា អាយុ៤៧ឆ្នាំ ស្ថិតក្នុងអង្គភាពវរសេនាតូច២១១នៃកងពលធំលេខ២១ ទិសប្រសាទតាក្របី មានជំងឺលើសសម្ពាធឈាម និងរលាកសរសៃឆ្អឹងខ្នង រួមទាំងឆ្អឹងផាល៕
ដោយ ឆាយ ម៉ុត





