វេទិកាការងារ និងផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្ដល់ឱកាសថ្មីដល់ពលរដ្ឋត្រឡប់ពីថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំវេទិកាការងារ និងវេទិកាផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម នៅបរិវេណសាលាបឋមសិក្សាតាបែន ក្នុងស្រុកស្វាយចេកព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ។ វេទិកានេះមានគោលដៅផ្ដល់ព័ត៌មាន និងឱកាសការងារជូនដល់ប្រជាពលរដ្ឋដែលទើបតែបានវិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីជួយពួកគេឱ្យមានការងារសមរម្យ និងទទួលបានការគាំពារសង្គមនៅកម្ពុជា។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងនៅក្នុងវេទិកានោះថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប ជាពិសេសក្រុមពលករដែលបានវិលត្រឡប់មកពីបរទេសវិញ។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធ កំពុងសហការគ្នាដើម្បីធានាថា ពលរដ្ឋទាំងអស់ទទួលបានឱកាសការងារសមរម្យ និងមានប្រព័ន្ធគាំពារសង្គមច្បាស់លាស់។

លោកបានបន្តថា វេទិកានេះមិនត្រឹមតែជាកន្លែងផ្ដល់ព័ត៌មានប៉ុណ្ណោះទេ តែជាឱកាសផ្ទាល់ដើម្បីឲ្យពលរដ្ឋបានជួបជាមួយតំណាងក្រុមហ៊ុន និងស្វែងយល់ពីតម្រូវការទីផ្សារការងារក្នុងស្រុក និងក៏បានលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ចាប់យកឱកាសនេះដើម្បីកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសខ្លួនឯង។

ជាមួយគ្នានោះដែរ លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានលើកឡើងពីសារៈសំខាន់នៃវេទិកានេះថា គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាងនិយោជក និងកម្មករ។ វេទិកានេះមានការចូលរួមពីតំណាងក្រុមហ៊ុនជាច្រើន ដែលកំពុងត្រូវការកម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការអាជីវកម្មរបស់ពួកគេ។

លោកបានបន្តទៀតថា មន្ទីរនឹងបន្តជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍របបសន្តិសុខសង្គមរបស់ ប.ស.ស. ដែលផ្ដល់ការគាំពារផ្នែកសុខភាព និងហានិភ័យការងារដល់កម្មករនិយោជិតគ្រប់រូប។ លោកបានណែនាំឱ្យពលរដ្ឋដែលចាប់អារម្មណ៍ពីឱកាសការងារ និងអត្ថប្រយោជន៍ទាំងនេះ អាចទាក់ទងមកមន្ទីរការងារដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែម។
អ្នកស្រី សុខុម ជាប្រជាពលរដ្ឋម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងកក់ក្ដៅចំពោះការរៀបចំវេទិកានេះ។ អ្នកស្រីបានថ្លែងថា "ខ្ញុំពិតជារំភើបណាស់ដែលរដ្ឋាភិបាលបានគិតគូរពីពួកខ្ញុំ។ ការវិលត្រឡប់មកស្រុកកំណើតវិញ ខ្ញុំព្រួយបារម្ភរឿងអត់ការងារធ្វើ ប៉ុន្តែពេលចូលរួមវេទិកានេះ ខ្ញុំបានឃើញឱកាសជាច្រើន និងបានដឹងពីអត្ថប្រយោជន៍ដែលយើងត្រូវទទួលបាន។" ចំណែកឯលោក ភារុន ដែលជាពលករដូចគ្នា បានបន្ថែមថា វេទិកានេះបានជួយឱ្យលោកមានភាពជឿជាក់ក្នុងការស្វែងរកការងារថ្មីនៅកម្ពុជា។ លោកបានកោតសរសើរដល់ការយកចិត្តទុកដាក់របស់អាជ្ញាធរដែលបានរៀបចំវេទិកាទៅជិតផ្ទះរបស់ពួកគាត់តែម្ដង ធ្វើឱ្យមានភាពងាយស្រួលក្នុងការចូលរួម។
សូមបញ្ជាក់វេទិកាការងារ និងផ្សព្វផ្សាយនេះ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ និងបានបន្សល់ទុកនូវក្ដីសង្ឃឹមថ្មីសម្រាប់ប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃ ក្នុងការកសាងជីវិតថ្មីប្រកបដោយចីរភាព និងសុវត្ថិភាពនៅកម្ពុជា៕
ដោយ ឈុន សារ៉ាត





