ថ្នាក់ដឹកនាំរដ្ឋបាលខេត្តអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣នៅវត្តខេមវ័នបឹងស្នាយ ក្រុងកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- វេនបិណ្ឌទី៣ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីខេត្តកំពង់ចាម បានដឹកនាំមន្រ្តីរាជការចូលរួមពិធីបុណ្យកាន់បិណ្ឌ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តខេមវ័ន បឹងស្នាយ ហៅវត្តថ្មី ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមទាំងអ្នកចូលរួមទាំងអស់បានអញ្ជើញថ្វាយគ្រឿងរណ្តាប់សក្ការបូជា ប្រតិបត្ដិព្រះធម៌ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សណ្ដាន និងដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីស្នេហាជាតិដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវីរយុទ្ធជនដែលបានពលីជីវិត ក្នុងការការពាទឹកដីក្នុងការប៉ះទង្គិច លើសមរភូមិព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះសូមឱ្យមនុញ្ញផលជួយជូនវិញ្ញាណក្ខន្ធទាំងអស់ បានសោយសុខនាឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។


ក្នុងថ្ងៃកាន់បិណ្ឌទី៣នេះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានវេរបច្ច័យប្រគេនព្រះសង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទេយ្យវត្ថុគ្រឿងបរិក្ខារមួយចំនួន ដល់វត្តខេមវ័ន ក្នុងនោះ មានបច្ច័យ សម្រាប់កសាងវត្ត និងបច្ច័យកាន់បិណ្ឌផងដែរ៕
ដោយ ឆាយ ម៉ុត





