កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានបញ្ចប់ដោយមានការអនុម័ត ការចុះហត្ថលេខារួម និងសេចក្តីថ្លែងការណ៍រួម
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥–អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងអំពីលទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
ក្រសួងការជាតិឱ្យដឹងដែរថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុរួម និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី១នេះ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាប ជាព័ត៌មាន៕





ដោយ៖មករា





