កុមារមានពិការភាពពីរនាក់បងប្អូននៅស្រុកត្រាំកក់ទទួលការអន្តរាគមន៍ពីមន្ទីរសង្គមកិច្ចខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ រួមមាន សាខាមូលនិធិជនពិការខេត្ត មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះជួបកុមារមានពិការភាព និងគ្រួសារ ស្ថិតនៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលករណីនេះត្រូវបានបណ្តាញសង្គម Facebook ផ្សព្វផ្សាយស្វែងរកសេវាគាំទ្រដល់កុមារពិការភាព និងគ្រួសារដែលកំពុងមានជីវភាពខ្វះខាត។

ក្រុមការងារបានបញ្ជាក់ថា គ្រួសារនេះពិតជាត្រូវការជំនួយដូចនៅក្នុងការផ្សាយតាមបណ្តាញសង្គម Facebook ពិតប្រាកដមែន ដោយគ្រួសារនេះមានកូនក្នុងបន្ទុកចំនួន៣នាក់ ក្នុងនោះកូន២នាក់ មានពិការភាព គឺកូនទី១ អាយុ១៤ឆ្នាំ ភេទប្រុស ពិការពីកំណើត និងកូនទី៣ អាយុ៧ឆ្នាំ ភេទប្រុស ពិការពីកំណើត។ កុមារមានពិការភាពទាំងពីរនាក់ មិនអាចដើរបានទេ។ ដូច្នេះ ពួកគេត្រូវការរទេះរុញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ដោយឡែក គ្រួសារនេះមានបណ្ណសមធម៌ដែលត្រូវទទួលបានសេវា និងការឧបត្ថម្ភនានាពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីជាតិជំនួយសង្គម។ បច្ចុប្បន្ន ឪពុកធ្វើការសំណង់នៅភ្នំពេញ ហើយម្តាយលក់បាយសម្លច្រកថង់ នៅមុខរោងចក្រចម្ងាយ៣គីឡូម៉ែត្រពីផ្ទះ។ នេះជាការឆ្លើយតបបឋម ក្រុមការងារបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមមាន អង្ករគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។

ជាមួយគ្នានេះ ក្រុមការងារបានផ្តល់ជូនរទេះសម្រាប់កុមារមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត ហើយសាខាមូលនិធិជនពិការខេត្តតាកែវនឹងសិក្សាពីលទ្ធភាពដើម្បីសាងសង់ផ្ទះមូលនិធិជនពិការជូនគ្រួសារកុមារមានពិការភាពនេះ។ ជំហានបន្ទាប់ ក្រុមការងារនឹងរៀបចំផែនការបន្តដើម្បីធានាថា កុមារមានពិការភាពទទួលកិច្ចគាំពារពេញលេញ និងសេដ្ឋកិច្ចគ្រួសាររបស់ពួកគេឱ្យបានល្អប្រសើរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





