ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧
AKP ភ្នំពេញ ថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២៦ -- ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យបានបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ទៅតាមការកំណត់របស់ក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

នាឱកាសនេះ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះនាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យបានមានថេរដីកាថា ដោយមានការជួយជ្រោមជ្រែងពីក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងសប្បុរសជនផង បានធ្វើឱ្យពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យអាចដំណើរការទៅបានរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយថា ដើម្បីឆ្ពោះទៅរកគោលដៅទាំង ៥ចំណុចរបស់អគ្គាធិការពុទ្ធិកសិក្សាជាតិ ដែលបានដាក់ចុះ គឺពង្រឹងគុណភាព អនុវត្តកម្មវិធីសិក្សាលម្អិត ពង្រឹងអភិបាលកិច្ចឌីជីថល ដើម្បីធ្វើទំនើបកម្មនៃការគ្រប់គ្រង ពង្រឹងការវាយតម្លៃផ្ទៃក្នុង និងពង្រឹងសាមគ្គីភាព សន្សំសំចៃ ប្រើប្រាស់ធនធានឱ្យចំគោលដៅ ហើយពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យបានត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលមានសមណសិស្ស-សិស្សទាំងពីរកម្រិតសរុបចំនួន ៤៣១រអង្គ ដោយក្នុងនោះ កម្រិតមធ្យមសិក្សាបឋមភូមិមានចំនួន ២៦៦អង្គ ចែកចេញជា ៦បន្ទប់ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មានសមណសិស្សសិស្សសរុបចំនួន ១៦៥អង្គ ចែកចេញជា ៤បន្ទប់ ដែលកើនឡើង ១បន្ទប់ ជាមួយគ្រូពុទ្ធិកសិក្សាទាំងពីរកម្រិតសរុបចំនួន ៥៣អង្គ/នាក់ដោយក្នុងនោះ មានគ្រូក្របខណ្ឌចំនួន ៨នាក់ គ្រូបង្រៀនកម្រៃប្រាក់ម៉ោងចំនួន ៤៥អង្គនាក់ មន្ត្រីបម្រើការនៅក្នុងសាលាចំនួន ១៧អង្គ/នាក់។

ព្រះមុនីកោសល វ៉ង់ គឹមសន បានគូសបញ្ជាក់ថា ចំពោះការចំណាយសម្រាប់ឆ្នាំសិក្សាថ្មីនេះនឹងនៅតែមានទំហំធំ ព្រោះការចំណាយទូទៅមានការប្រែប្រួលទៅតាមសភាពការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលនេះជាបញ្ហាប្រឈមមួយសម្រាប់ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យផងដែរ។
ជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ក្នុងការផ្តល់ចំណេះដឹងទៅដល់សមណសិស្ស-សិស្សជាច្រើនឆ្នាំកន្លងមកនេះ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានសម្តែងនូវការកោតសរសើរជាខ្លាំងចំពោះការងារដឹកនាំរបស់ថ្នាក់ដឹកនាំពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសនាពេលបច្ចុប្បន្នដែលមាន ព្រះមុនីកោសល វ៉ង់ គឹមសន ជាព្រះនាយកធ្វើឱ្យសម្រេចបាននូវការអប់រំដល់សមណសិស្ស-សិស្សនៅគ្រប់កម្រិតសិក្សាទាំងអស់។ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រ គឺសំខាន់ខ្លាំងណាស់ ជាពិសេសក្នុងសម័យទំនើបនេះ ដែលត្រូវរត់ឱ្យទាន់បច្ចេកវិទ្យាឌីជីថល តែក៏មិនត្រូវភ្លេចនូវអ្វីដែលជារបស់យើងផងដែរ ក្នុងនោះរួមមាន វប្បធម៌ អក្សរសាស្ត្រជាតិ និងភាសាជាតិរបស់យើង ហើយបើនិយាយពីអក្សរសាស្ត្រជាតិ ខ្មែរស្ទើរតែបាត់បង់ទៅហើយកាលពីក្នុងអតីតកាល ដោយគេចង់ឱ្យយើងប្តូរទៅប្រើអក្សរឡាតាំងជំនួសអក្សរខ្មែរវិញ តែដោយសារមានចលនាជាតិនិយម រួមមានបញ្ញាវន្ត និងអ្នកស្នេហាជាតិខ្មែរជាច្រើនបានងើបឡើងតវ៉ា ដោយចាត់ទុកថា អក្សរសាស្ត្រជាតិ គឺជាអត្តសញ្ញាណដែលមិនអាចបាត់បង់បាននោះហើយ ទើបយើងអាចរក្សាអក្សរសាស្ត្រជាតិរបស់យើងឱ្យគង់វង្សមកដល់សព្វថ្ងៃនេះ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងថែរក្សាវប្បធម៌ អក្សរសាស្ត្រជាតិ និងភាសាជាតិរបស់យើងឱ្យបានគង់វង្សជានិច្ច តាមរយៈការសិក្សារៀនសូត្រឱ្យបានចេះចាំពិតប្រាកដ៕
ដោយ៖ ចាន់ សុភឿន





