រដ្ឋមន្ត្រីក្រសួងអប់រំរំលឹកដល់ការបង្កើតសាកលវិទ្យាល័យក្រចេះ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម គាត ឈន់
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចុះទស្សនកិច្ចសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ដោយបានរំលឹកទៅដល់ការបង្កើតសាកលវិទ្យាល័យក្រចេះ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម គាត ឈន់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យប្រជាជននៅតំបន់ភូមិភាគឦសានមានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍតំបន់នេះឱ្យកាន់តែមានភាពរីកចម្រើន។

សាកលវិទ្យាល័យក្រចេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យក្រចេះ បាន និងកំពុងបណ្តុះបណ្តាលសិស្សចំនួន ៧ជំនាន់រួចមកហើយ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់សាកលវិទ្យាធិការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអភិវឌ្ឍន៍សាលារៀនលើគ្រប់ជំនាញ ជាពិសេសជំនាញកសិកម្មសហគមន៍ និងស្នើឱ្យរៀបចំសិក្ខាសាលាសិក្សាអំពីផែនការយុទ្ធសាស្រ្ដ ដើម្បីស្វែងរកដៃគូសហការក្នុងការលើកកម្ពស់ការសិក្សាស្រាវជ្រាវ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





