សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពីបច្ចេកទេសផលិតកម្មដំណាំស្រូវចំណី និងគ្រាប់ពូជស្រូវដោយប្រើប្រាស់បច្ចេកទេសកសិកម្មវៃឆ្លាតជាមួយនឹងអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP-MAFF កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបើកសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពីបច្ចេកទេសផលិតកម្មដំណាំស្រូវចំណី និងគ្រាប់ពូជស្រូវ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មវៃឆ្លាតជាមួយនឹងអាកាសធាតុ នៅទីរួមខេត្តក្រចេះ ដោយមានការចូលរួមពីក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ CaWSIP-MAFF មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីកសិកម្មឃុំ ក្នុងវិសាលភាពនៃប្រព័ន្ធស្រោចស្រពក្នុងខេត្ដគោលដៅទាំង៤ រួមមាន ខេត្ដក្រចេះ មណ្ឌលគិរី ព្រះវិហារ និងខេត្ដកំពង់ធំ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្ដល់ជូនសិក្ខាកាមដែលនឹងក្លាយទៅជាគ្រូបង្គោល ឬហៅថាអ្នកផ្តល់សេវាប្រឹក្សាបច្ចេកទេសនូវ ១. បច្ចេកទេសផលិតកម្មដំណាំស្រូវចំណី និងគ្រាប់ពូជស្រូវ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មវៃឆ្លាតជាមួយនឹងអាកាសធាតុ ២. វិធីសាស្រ្តកាត់បន្ថយថ្លៃដើមក្នុងផលិត កម្មដំណាំស្រូវចំណី និងគ្រាប់ពូជស្រូវ តាមរយៈការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត និង ៣. លទ្ធភាពរៀបចំ និងដំណើរការវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីបច្ចេកទេសផលិតកម្មស្រូវចំណី និងគ្រាប់ពូជស្រូវ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មវៃឆ្លាតជាមួយនឹងអាកាសធាតុសម្រាប់ក្រុមកសិករ សមាជិកសហគមន៍កសិកម្ម ឬសមាជិកសហគមន៍កសិកម្មទំនើបនៅក្នុងតំបន់គោលដៅនៃអនុគម្រោងខេត្តគោលដៅទាំង៤។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ាន វណ្ណហន បានលើកឡើងពីសារៈសំខាន់នៃគម្រោងក្នុងការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដូចជា ការបន្សាំនឹងការប្រែប្រួលអាកាសធាតុបច្ចេកទេសកាត់បន្ថយផលប៉ះពាល់ដល់ការបម្រែបម្រួលអាកាសធាតុ និងការបង្កើនផលិតភាព ជាពិសេសការភ្ជាប់ជាមួយទីផ្សារ ដែលជាអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី វិធានការសន្សំសំចៃទឹក រួមទាំងការការវិនិយោគប្រភពទឹកស្រោចស្រពផ្សេងៗទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា មន្ត្រីថ្នាក់ខេត្ត និងឃុំនឹងក្លាយជាជនបង្គោល ដែលជាទ័ពស្រួចក្នុងការចូលរួមជំរុញការអនុវត្តគម្រោងសន្តិសុខទឹកនៅមូលដ្ឋាន និងបានជំរុញឱ្យមន្ត្រីថ្នាក់ខេត្តតាមតំបន់គោលដៅត្រូវជួយជ្រើសរើសទីតាំងសម្រាប់ការធ្វើបទបង្ហាញ ក្នុងនោះមានសាងសង់ផ្ទះសំណាញ់សម្រាប់ផលិតកម្មបន្លែ ការធ្វើស្រែបង្ហាញបច្ចេកទេស ហើយកសិករត្រូវ ចូលរួមការធ្វើបង្ហាញបច្ចេកទេសជាកសិករដែលសកម្ម និងមានឆន្ទៈចូលរួមក្នុងផលិតកម្មកសិកម្ម ដោយឯកឧត្តមបានលើកឡើងថា ការជ្រើសរើសបានត្រឹមត្រូវគឺជាកត្តាធានាជោគជ័យនៃគម្រោង ពិសេសបង្កើនប្រសិទ្ធភាពនៃការទទួលយកបច្ចេកទេសកសិកម្មវៃឆ្លាតទល់នឹងអាកាសធាតុនៅក្នុងតំបន់អនុគម្រោងនៃខេត្តទាំង៤៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





