ស្នងការនគរបាលខេត្តបន្ទាយមានជ័យដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្តពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ឆ្លើយតបទៅនឹងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដ៏ម៉ឺងម៉ាត់មួយដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទូទាំងខេត្ត ដើម្បីពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការងារសន្តិសុខតាមព្រំដែន ពិសេសមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។

ក្នុងសេចក្តីណែនាំនេះដែលបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញឱ្យកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗដោយត្រូវផ្តោតលើការពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទកម្លាំងនគរបាលត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់ ដោយត្រូវផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើមេខ្យល់ ដែលជាអ្នកសម្របសម្រួលបទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។ ពង្រឹងការងារសេវាសាធារណៈ ត្រូវបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសសេវាធ្វើអត្តសញ្ញាណប័ណ្ណ ដែលត្រូវចុះដល់មូលដ្ឋានដូចជា សាលាឃុំ-សង្កាត់ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់ ត្រូវបន្តចុះផ្សព្វផ្សាយតាមវេទិកាសាធារណៈ អំពីគោលនយោបាយ "ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព" ផលប៉ះពាល់នៃគ្រឿងញៀន និងវិធានការការពារ ក៏ដូចជាច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយបទល្មើសឱ្យបានជាអតិបរមា។

ការដាក់ចេញបទបញ្ជាដ៏ម៉ឺងម៉ាត់នេះធ្វើឡើងក្នុងគោលបំណងធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋជាច្រើនធ្វើដំណើរទៅមកតាមបណ្តាខេត្តនានា និងនៅតាមព្រំដែន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសង្កត់ធ្ងន់ថា ការងារទាំងអស់នេះ គឺជាកាតព្វកិច្ចចម្បងរបស់កងកម្លាំងនគរបាល ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងបម្រើប្រជាពលរដ្ឋឱ្យបានល្អបំផុត៕


ដោយ ឈុន សារ៉ាត





