សិក្ខាសាលាផ្សព្វផ្សាយនិងពិគ្រោះយោបល់តាមតំបន់ស្តីអំពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា
AKP កំពង់ធំថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងលោក ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងពិគ្រោះយោបល់តាមតំបន់ ស្តីអំពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជាដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ធំ ព្រះវិហារ កំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង។

សិក្ខាសាលារៀបចំដោយក្រុមការងារបង្កើតសហព័ន្ធស្វាយកម្ពុជា (Task Force) សហការណ៍រៀបចំនិងគាំទ្រដោយ ក្រសួងពាណិជ្ជកម្ម, អង្គការ GIZ និងអង្គការCIRDនៅខេត្តកំពង់ធំកាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៥ក្នុងគោលបំណងដើម្បីណែនាំអំពីអនាគតរបស់សហព័ន្ធនិងបង្ហាញអំពីវឌ្ឍនៈភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា កៀងគរតួអង្គខ្សែច្រវាក់តម្លៃ ចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា ពិភាក្សានិងប្រមូលធាតុចូលលើសេចក្ដីព្រាងលក្ខន្តិក:របស់សហព័ន្ធស្វាយកម្ពុជាពីអ្នកចូលរួម។

លោក ងួន រាសី មានប្រសាសន៍ថាផ្អែកតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន យើងឃើញថា មានការរីកចម្រើនស្ទើគ្រប់វិស័យនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស ជាពិសេសក្នុងអាណត្តិទី៧របស់រាជរដ្ឋាភិបាលនេះបានចាត់ទុកវិស័យឯកជនជាកម្លាំងចលករនិងជាដៃគូមិនអាចខ្វះបាន។បរិការណ៍នេះធ្វើឱ្យខេត្តកំពង់ធំយើងមានលទ្ធភាពអាចចូលរួមបង្កើតសហព័ន្ធស្វាយកម្ពុជា ជាមួយគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ដែលមានឧត្តមានុវត្តន៍និងជានវានុវត្តន៍បានយ៉ាងជោគជ័យក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម វ៉ា រុតសានបានថ្លែងថា ស្វាយគឺជាដំណាំកសិ-ឧស្សាហកម្មមានសក្តានុពលមួយក្នុងចំណោមកសិ-ឧស្សាហកម្មផ្សេងទៀតដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាមានក្រសួងពាណិជ្ជកម្មជាសេនាធិការបាននឹងកំពុងយកចិត្តទុកដាក់ជំរុញផលិតផលមួយនេះទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ដូចជាការ ពិពិធកម្មទីផ្សារ ដោយរក្សាទីផ្សារ និងពង្រីកទីផ្សារតាមរយៈការចរចារចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីទាំងក្នុងនិងក្រៅតំបន់ជាច្រើន។





ដោយ៖ ស៊ុម វណ្ណា





