ប្រជាពលរដ្ឋ៨៨៣គ្រួសារក្នុងខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងក្រុងស្រុកចំនួន៨ នៃខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងវត្តមានចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខានិងលោកជំទាវ ព្រមទាំងថ្នាក់នាំមន្រ្តីទីស្នាក់ការកណ្តាល ថ្នាក់ដឹកនាំសាខា មន្ត្រីប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើននាក់។

ការផ្តល់អំណោយនេះធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នាដោយ៖ ទីតាំងទី១ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៣៣៣គ្រួសារ មកពីក្រុងកំពង់ឆ្នាំង ១១៣ គ្រួសារ ស្រុកជលគិរី ៣៥គ្រួសារ ស្រុកទឹកផុស ១១១គ្រួសារ និងស្រុកកំពង់លែង ៧៤គ្រួសារ។ ទីតាំងទី២ នៅព្រលានយន្តហោះកំពង់ឆ្នាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣២៤គ្រួសារ មកពីស្រុកបរិបូណ៌ ១១២គ្រួសារ និងស្រុករលាប្អៀរ ២១២គ្រួសារ និងទីតាំងទី៣ នៅបរិវេណសាលាស្រុកកំពង់ត្រឡាច សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត២២៦គ្រួសារ មកពីស្រុកសាមគ្គីមានជ័យ និងស្រុកជលគិរី ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី នឹងបន្តចែកជូននៅថ្ងៃទី១០ ខែកញ្ញា ស្អែកនេះ។

តាមរបាយការណ៍ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការសាខា បានបង្ហាញថា ៖ ចំពោះការងារឆ្លើយតបគ្រោះមហន្តរាយ ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងមកនេះទាំងថ្នាក់សាខា និងអនុសាខាក្រុង ស្រុកទាំង៨ ក៏បានខិតខំពុះពារបំពេញបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ សរុប ៣១៨គ្រួសារ ។ ដែលជានិច្ចកាលតែងបានគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋដែលត្រូវការឱ្យជួយគ្រប់ទីកន្លែងដោយមិនទុកនរណាម្នាក់ចោលឡើយ។

លោកជំទាវ ពុំ ចន្ទីនី បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាក់ស្តែងដូចជាពេលនេះជាដើម ។លោកជំទាវបន្តថា ៖ទន្ទឹមនឹងការគិតគូរពីជីវភាព ក៏សូមឱ្យបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ទាំងការហូបចុកនិងការ រស់នៅឱ្យមានអានាម័យជាប់ជានិច្ច។
សូមជម្រាបជូនថា អំណោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូកក់សក់១ដប ម្សៅសាប៊ូ១កញ្ចប់ ភេសជ្ជ:បាកាស ១យួរ និងថវិការ ៣ម៉ឺនរៀល។ បន្ទាប់មកលោកជំទាវព្រមទាំងសហការី បន្តចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះដែលពួកគាត់ពុំមានលទ្ធភាពមកទទួលអំណោយដោយផ្ទាល់បានមួយចំនួនបន្ថែមទៀត៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





