ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជួបសំណេះសំណាលជាមួយគ្រួសារកងទ័ព ពលករ និងគ្រួសារជួបការលំបាក
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព ពលករ និងគ្រួសារជួបការលំបាក កាលពិថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពីប្រមុខរារដ្ឋាភិបាលបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋជួបការលំបាកនិងពលករភៀសឹកមកពីប្រទេសថៃនិងកំពង់ចាកចេញពីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយសៀមឈ្លានពាន។ ការអោយទទួលបាននៅភាពកក់ក្តៅ ទាំងស្នាក់នៅ សម្លៀកបំពាក់និងការហូបចុក។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយ ឬនៅឆ្ងាយពីបងប្អូនទាំងអស់គ្នានោះទេ គឺតែងនឹករលឹកជានិច្ច ទោះបីមិនបានរស់នៅជាមួយគ្នា ពិតមែនក៏ប៉ុន្តែសុខទុក្ខទាំងឡាយរបស់បងប្អូនទំាងអស់ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ពីគោលនយោបាយរបស់រដ្ឋាភិបាលដែលមានសម្តេចតេជោធិបតី បានអំពាវនាវឱ្យបងប្អូនពលករខ្មែរទាំងអស់នៅប្រទេសថៃ វិលត្រឡប់មកធ្វើការនៅក្នុងប្រទេសវិញ ស្របពេលដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មរាប់សិបម៉ឺនកន្លែង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ បច្ចុប្បន្ន មានរោងចក្រ សហគ្រាសជាច្រើន កំពុងមានតម្រូវការកម្លាំងពលកម្មសម្រាប់បម្រើការងារទាំងនៅក្នុងខេត្ត និង នៅភ្នំពេញ ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាល ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ដែលជាការគិតគូរ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីអមដំណើរ ក្រុមការងារ បាននាំយកអំណោយរបស់កាកបាកក្រហមកម្ពុជា ជួយដល់កម្មករ កម្មការានី គ្រួសារកងទ័ព គ្រួសារជួបការលំបាក និងគ្រួសារអតីតយុទ្ធជន ចំនួន ៨៨៣នាក់ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ៕


ដោយ បៃ ស៊ីថុន





