ឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel, Jr.អញ្ជើញ ទស្សនកិច្ចក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើបត្រាំកក់
AKP ភ្នំពេញ ថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២៥--
នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញទៅទស្សនកិច្ចក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើបត្រាំកក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប និងគណៈប្រតិភូអមដំណើរ បានពិនិត្យរោងម៉ាស៊ីនកិនស្រូវ ភ្លក់នូវរសជាតិបាយដាំពីអង្ករកម្ពុជា និងស្ដាប់នូវការធ្វើបទបង្ហាញផ្តោតសំខាន់ទៅលើពូជស្រូវផ្ការំដួល សែនក្រអូប និងស្រងែជាពូជស្រូវក្នុងស្រុក ដាំដុះដោយសហគមន៍កសិកម្មទំនើបក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញនាំគណៈប្រតិភូហ្វីលីពីន បន្តចុះពិនិត្យកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនើបត្រាំកក់ ដែលផ្តោតទៅលើផលិតកម្មដំណាំបន្លែជាច្រើនប្រភេទរួមមាន៖ បន្លែស្លឹក ខាត់ណាដើម ប៉េងប៉ោះឈើរី ។ល។ ដែលមានតម្រូវការផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី Francisco P.Tiu Laurel, Jr. បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលផ្តល់ធាតុចូលសំខាន់ៗអំពីកសិផលសក្តានុពលកម្ពុជា មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេសហ្វីលីពីន និងជំរុញកសិ-ពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





