លោកជំទាវ មុំ ចន្ធី និងលោកស្រី សាន់ដ្រា ប៊ឺនក្លាវ អញ្ជើញចុះសួរសុខទុក្ខស្ត្រី នៅក្នុងជំរំវត្តពោធិ៍៥០០០
AKP ភ្នំពេញ ថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២៥--
នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាង មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) និងសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រុមប្រតិបត្តិសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឃីតសម្រាប់ស្ត្រី ៤៨០ឃីត ជូនស្ត្រីសម្រាលកូនរួច ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ នៅក្នុងជំរំវត្តពោធិ៍៥០០០ ភូមិគូនលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោកជំទាវ មុំ ចន្ធី បាននាំយកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាពិសេសបងប្អូនស្ត្រីជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំវត្តពោធិ៍៥០០០។ លោកជំទាវ ក៏សូមឱ្យបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់នានា គឺរស់នៅមានអនាម័យ ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញកន្លែងស្នាក់នៅ ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវពិនិត្យសុខភាពយ៉ាងតិច៤ដង និងជូនពរឱ្យបងប្អូនឆាប់បានត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ។
លោកស្រី សាន់ដ្រា ប៊ឺនក្លាវ បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា យុវជននិងអ្នកស្ម័គ្រចិត្ត ដែលបាន លះបង់កម្លាងកាយចិត្តិ ខិតខំរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនជនភៀសសឹកនៅទីនេះ ហើយមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ពួកយើងមានជំនាញថែរក្សាសុខភាពម្តាយនិងកូន គាំទ្រសុខភាពស្ត្រី និងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីធានាសុខភាពម្តាយនិងកូនឱ្យមានសុខភាពល្អ ហើយក៏ធ្វើការជាមួយក្រសួងកិច្ចការនារី ផ្តល់ការគាំទ្រដល់ស្ត្រីដែលរងនូវអំពើហិង្សា និងធ្វើការជាមួយក្រសួងអប់រំយុវជននិងកីឡា ដើម្បីឱ្យពួកគាត់រៀបអំពីការថែរក្សារាងកាយរបស់ពួកគាត់ រៀនអំពីផែនការគ្រួសារ និងបញ្ហាសុខភាពសំខាន់ៗ។

លោកស្រីថ្លែងបន្តថា៖ ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋាន និងកាកបាទក្រហមកម្ពជា បានអនុញ្ញាត និងនាំក្រុមការងារយើងខ្ញុំបានយកកញ្ចប់ឃីតសម្រាប់ស្ត្រីមកចែកជូនបងប្អូននាពេលនេះ។ ការថែរក្សាគឺជារឿងសំខាន់ សម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានឃើញ អាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា អង្គការជាដៃគូ ឬក្រៅរដ្ឋាភិបាល ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការជួយដល់បងប្អូនដែលកំពុងស្នាក់ក្នុងជំរំ។
លោកជំទាវ មុំ ចន្ធី បានបញ្ជាក់បន្ថែមអំពីសារគន្លឹះដែលបានដាក់ជូននៅក្នុងកញ្ចប់ឃីតសម្រាប់ស្ត្រីរួចហើយ និងសូមថ្លែងអំណរគុណចំពោះ លោកស្រី សាន់ដ្រា ប៊ឺនក្លាវ តំណាង មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន ដែលតែងតែគាំទ្រដល់កាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា និងសូមជូនបងប្អូនទាំងអស់ដែលបានមកចូលរួមនៅថ្ងៃនេះ នៅក្នុងរដូវកាន់នេះ សូមមានសុខភាពល្អ សំណាងល្អ រកស៊ីទទួលទានមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារនៅពេលដែលត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។

នាព្រឹកថ្ងៃដដែលនេះដែរ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងសហការី បានបន្តចុះសួរសុខទុក្ខបងប្អូនជនភៀសសឹកដែលបានត្រឡប់ទៅគេដ្ឋានវិញ និងជូនកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន២០គ្រួសារ នៅភូមិសង្គមថ្មី និងភូមិអូរខ្សាន្ត ឃុំទឹក្រហម ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារផងដែរ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





