រដ្ឋមន្រ្តីក្រសួងអប់រំបំពាក់គ្រឿងឥស្សរិយយសជូនលោក Lee Dong Sup ប្រធាន Kukkiwon Taekwondo
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥–ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា នៅទីស្តីការក្រសួង រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បាន បំពាក់គ្រឿងឥស្សរិយយសជូនលោក Lee Dong Sup ប្រធាន Kukkiwon Taekwondo ចំពោះការចូលរួមលើកកម្ពស់វិស័យតេក្វាន់ដូនៅកម្ពុជា ដោយឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលចំពោះការជួយគាំទ្រពីសំណាក់ស្ថាប័នតេក្វាន់ដូ Kukkiwon ដែលជាទីស្នាក់ការកណ្តាលនៃ Taekwondo ពិភពលោក ក្នុងការបង្កើតការិយាល័យនៅទីក្រុងភ្នំពេញ និងគាំទ្រដល់ការពង្រីកថ្នាក់តេក្វាន់ដូនៅកម្ពុជា ដោយគូសបញ្ជាក់ថាកីឡាតេក្វាន់ដូកំពុងទទួលបានការចាប់អារម្មណ៍ និងកាន់តែពេញនិយមខ្លាំងពីសំណាក់យុវជនកម្ពុជា។


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យកីឡាតេក្វាន់ដូនៅកម្ពុជាជាច្រើនឆ្នាំមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ជូនចំពោះលោក LEE DONG SUP ប្រធាន Kukkiwon Taekwondo ដែលត្រូវបានបំពាក់ជូននាឱកាសនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិតសភាតៃក្វាន់ដូកម្ពុជា ជាពិសេសដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យកីឡាតេក្វាន់ដូនៅកម្ពុជាឱ្យរីកចម្រើនឡើងជាបន្តបន្ទាប់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





