រដ្ឋបាលខេត្តកំពងចាមនឹងដាំដើមផ្កាជាង ១ម៉ឺនដើមនៅតាមបណ្ដោយដងផ្លូវជាតិលេខ៧
AKP កំពង់ចាម ថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាមបានឲ្យដឹងថារដ្ឋាបាលខេត្តកំពង់ចាមនឹងដាំដើមផ្កាជាង ១ម៉ឺនដើមនៅតាមបណ្ដោយដងផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម ។
ថ្លែងក្នុងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា
ដើម្បីលើកកម្ពស់សោភ័ណភាព តាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ ដែល កំពុងស្ថាបនាបានជាង៧០%ហើយនោះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំដាំដាំដើម ប្រភេទ ផ្កាជើងគោ ចំនួន ១ម៉ឺន ៥ពាន់ដើម ជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមដងផ្លូវជាតិទាំង សងខាងចិញ្ចើមផ្លូវ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាមនិងត្រៀមបើកការដ្ឋាននាពេលខាងមុខនេះ។


សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមដោយមានការ ចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ទីចាត់ការចំណុះ សាលាខេត្ត ជាច្រើនរូបទៀតផងដែរ។


កិច្ចប្រជុំបានលើកយករបៀបវារៈចំនួន ៨ មកធ្វើការពិនិត្យនិងពិភាក្សារួមមាន ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ សីហា និងលើកទិសដៅប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាព គណៈកម្មាធិការលទ្ធកម្ម (គ.ល) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាព គណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២៦។
៧-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការកែសម្រួលសមាសភាពក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តកំពង់ចាម។និង៨-បញ្ហាផ្សេងៗ៕

ដោយ ៖ឆាយ ម៉ុត





