កម្មវិធី “តំណក់ឈាម មនុស្សធម៌” រៀបចំឡើងដោយ ស.ស.យ.ក. បន្ទាយមានជ័យ ប្រមូលបានឈាមជាច្រើនសម្រាប់ជួយសង្គ្រោះជីវិត
AKP បន្ទាយមានជ័យថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២៥--
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយស្ថាប័នជាច្រើន រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ “តំណក់ឈាម មនុស្សធម៌” ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការឈាមជាចាំបាច់។ កម្មវិធីមនុស្សធម៌នេះប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលប្រជុំធំនៃសាកលវិទ្យាល័យជាតិមានជ័យ ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សនិស្សិត។

លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ ជាប្រធាន ស.ស.យ.ក. ខេត្ត ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកម្មវិធីនេះផងដែរ។ ជាមួយគ្នានោះ ក៏មានការចូលរួមពីលោកស្រី ព្រហ្ម រដ្ឋា និងថ្នាក់ដឹកនាំជាច្រើនរូបទៀតដូចជា ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អភិបាលក្រុងសិរីសោភ័ណ តំណាងមន្ទីរសុខាភិបាលខេត្ត និងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិមានជ័យ រួមទាំងសមាជិក ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ និងសិស្សនិស្សិតជាច្រើនរូប។
ក្នុងឱកាសនោះ លោក កែ សួន សុភាព បានថ្លែងថា“ការបរិច្ចាគឈាម គឺជាទង្វើដ៏ថ្លៃថ្លា ដែលបង្ហាញពីស្មារតីសាមគ្គី និងមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងនាមជាមនុស្សជាតិ។ តំណក់ឈាមមួយដំណក់របស់បងប្អូន អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ ឬច្រើននាក់ ហើយថែមទាំងជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យនានា ដែលកំពុងត្រូវការឈាមយ៉ាងចាំបាច់សម្រាប់សង្គ្រោះបន្ទាន់។”


លោកបានបន្តទៀតថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតីស្ម័គ្រចិត្តបរិច្ចាគឈាម និងបណ្ដុះស្មារតីយុវជនឱ្យយល់កាន់តែច្បាស់ពីសារៈសំខាន់នៃការចែករំលែកដើម្បីសង្គម។ លោកបានកោតសរសើរដល់ការសហការរវាង ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ សាកលវិទ្យាល័យជាតិមានជ័យ មន្ទីរសុខាភិបាលខេត្ត មជ្ឈមណ្ឌលជាតិផ្តល់ឈាម សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA ខេត្តបន្ទាយមានជ័យ និងក្រុមការងារអភិវឌ្ឍយុវជនខេត្ត ដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ។

គួរបញ្ជាក់ថា យុទ្ធនាការបរិច្ចាគឈាមនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសសិស្ស និស្សិតដែលបានចូលរួមយ៉ាងសកម្ម។ ការបរិច្ចាគឈាមមិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពអ្នកបរិច្ចាគផ្ទាល់ផងដែរ ដូចជាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំរុញឲ្យរាងកាយផលិតឈាមថ្មីៗ៕


ដោយ ៖ឈុនសារ៉ាត





