ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញពីធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណ:អភិបាលក្រុងកោះរ៉ុង AKP ខេត្តព្រះសីហនុ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥--
ព្រឹកថ្ងៃអង្គារទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណ:អភិបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅរីសត យូ អេន បី ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងភ្ញៀវអន្តរជាតិ ។
តាមប្រកាសលេខ ៦៧៥អនក្រ.តត ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិ បាល ស្តីពីការតែងតាំង លោក រាជ សុវណ្ណ ជាអភិបាល នៃគណ:អភិបាលក្រុងកោះរ៉ុង នៃ ខេត្តព្រះសីហនុ និងលោក ណាំ វិសាល ជាអភិបាលរង នៃគណ:អភិបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុងថ្មី បានធ្វើការប្តេជ្ញាចិត្ត ១-ប្តេជ្ញាគោរពប្រតិ បត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាន ពិសេសច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
២-ប្តេជ្ញាអនុវត្តឱ្យបានម៉ឺងម៉ាត់ប្រកបដោយគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជានឹងប្រជាពលរដ្ឋ ដើម្បីសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ចល្អរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

៣-ប្តេជ្ញាចូលរួមយ៉ាងសកម្មការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងក្រុងកោះរ៉ុង។
៤-ប្តេជ្ញាបន្តវប្បធម៌បង្កើននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំក្នុងរដ្ឋបាលក្រុងកោះរ៉ុង ក៏ដូចជាអង្គភាពពាក់ព័ន្ធ និងអង្គការសមាគមសហគមន៍ ។
៥-ប្តេជ្ញាខិតខំបម្រើរាជរដ្ឋាភិបាល ផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឆ្លើយតបតម្រូវការមូលដ្ឋានអនុវត្តផែនការអភិវឌ្ឍក្រុងកោះរ៉ុង ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិលរបស់រដ្ឋបាលក្រុង។
៦-ប្តេជ្ញារក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ព្រមទាំងសមិទ្ធិផលដែលរដ្ឋបាលក្រុងកោះរ៉ុងសម្រេចបាននាពេលកន្លងមក។

៧-ប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ជួរមុខនៅព្រំដែនកម្ពុជា-ថៃ ទាំងស្មារតី និងសម្ភារៈ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងជួយដល់ប្រជាពលរដ្ឋភៀសសឹក និងពលករត្រឡប់ពីប្រទេសថៃ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណ:អភិបាលក្រុងកោះរ៉ុង ព្រមទាំងធ្វើការផ្តាំផ្ញើលោកអភិបាល អភិបាលរង នៃគណ:អភិបាលក្រុងកោះរ៉ុង បន្តដឹកនាំអនុវត្តភារកិច្ចទទួលបានជោគជ័យ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ យើងត្រូវប្រើជំនាញបច្ចេកទេស ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងកោះរ៉ុង ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទក និងមានការគោរពស្រលាញ់ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានធ្វើការណែណាំដល់គណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីការពារនឹងទប់ស្កាត់ឱ្យបាននូវរាល់ការកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ គណៈបញ្ជាការឯកភាពក្រុង ត្រូវគ្រប់គ្រង់ដីចំណីឆ្នេរឱ្យបានម៉ឺងម៉ាត់តាមប្លង់គោល រាល់ការសាងសង់ត្រូវមានលិខិតអនុញ្ញាតឱ្យបានត្រឹមត្រូវ គណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជាមួយដៃគូរអភិវឌ្ឍន៍ក្នុងការរៀបចំសម្អាតបរិស្ថាន អនាម័យ និងសោភ័ណភាពតំបន់ឆ្នេរ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាព» ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តចំពោះការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ត្រូវយកចិត្តទុក្ខដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌ វិជ្ជាជីវៈរបស់មន្ត្រីរបស់ខ្លួនក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលសេវាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព ចំពោះថ្នាក់សង្កាត់ ត្រូវពង្រឹងតួអង្គស្នួលចំនួន៦ ដោយលើកកម្ពស់ការបម្រើសេវានានាជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន ១.ចៅសង្កាត់ ២.ស្មៀនសង្កាត់ ៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ៤.មណ្ឌលសុខភាពឬប៉ុស្តិ៍សុខភាព ៥.មេភូមិ និង៦.នាយកសាលារៀន។

២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកដោយគុណភាព និងប្រសិទ្ធភាព
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសា ហាវប្រកបដោយប្រសិទ្ធភាព។ ដូច្នេះគណ:បញ្ជាការភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ឪ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបទល្មើស និងការប៉ុនប៉ងបង្កភាពចលា ចល ភាពវឹកវរ និងអសន្តិសុខសង្គម ចូលរួមការពារផលប្រយោជន៍សាធារណ: ផលប្រយោជន៍សហគមន៍ ៕
ដោយ៖ ងូ សុមុនី





