សក្តានុពលទេសចរណ៍កម្ពុជានឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥--
តបតាមការស្នើសុំរបស់ក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មពីសហរដ្ឋអាមេរិក Jacob Media United States នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន និងក្រុមការងារថតចូលជួបសម្តែងការគួរសម ពិភាក្សាការងារអំពីដំណើរការថត និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្ដមរដ្ឋមន្ត្រីលើការងារថតឃ្លីបវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាជូនក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ល្អនិងមានសារៈសំខាន់នេះ ដោយសង្ឃឹមថាសក្តានុពលទេសចរណ៍កម្ពុជានឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways ។ ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមផលិតករឱ្យជួយផលិតវីដេអូឱ្យមានកម្រិតគុណភាពខ្ពស់ ព្រមទាំងសម្រិតសម្រាំងលើខ្លឹមសារ និងរូបភាព ហើយត្រូវសហការជាប់ជាប្រចាំជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដើម្បីអាចសម្រេចគោលដៅការងារដោយរលូន និងប្រកបដោយគុណភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើដល់ក្រុមការងារក្រុមហ៊ុនឱ្យជួយផ្សព្វផ្សាយពីស្ថានភាពសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសុខសុវត្ថិភាពដែលកម្ពុជាបានផ្តល់ជូនដល់ភ្ញៀវទេសចរទាំងអស់ ដូចដែលក្រុមការងារបានឃើញផ្ទាល់នាពេលនេះ ហើយជាការឆ្លើយតបតំណាង និងក្រុមការងាររបស់ក្រុមហ៊ុន Jacob Media United States បានបេ្តជ្ញាផ្សព្វផ្សាយពីព័ត៌មានពិតពីប្រទេសកម្ពុជាឱ្យបានទូលំទូលាយជាទីបំផុត។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានីអាប៊ុយដាប៊ី ដែលមានយន្តហោះជាង១១០គ្រឿង និងហោះហើរទៅកាន់គោលដៅជាង១២០កន្លែងក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ក្នុងរយៈពេល១២ខែចុងក្រោយនេះ ហើយក្រុមហ៊ុននឹងចាប់ផ្តើមជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ីមករាជធានីភ្នំពេញចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





