សិក្ខាកាមមន្ត្រីពីក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សារៀនសូត្រ នៅស្ថានីយ៍ទូរទស្សន៍ការអប់រំចិន (CETV)
AKP ប៉េកាំង ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥– សិក្ខាកាមមន្ត្រីពីក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សារៀនសូត្រ នៅស្ថានីយ៍ទូរទស្សន៍ការអប់រំចិន (CETV) ដើម្បីស្វែងយល់ពីគំរូ និងផែនការប្រតិបត្តិការរបស់ CETV ក្នុងការពង្រីកឥទ្ធិពលផ្សាយ និងការសហការជាមួយដៃគូផ្សព្វផ្សាយអន្តរជាតិ។
ក្នុងដំណើរចុះទស្សនកិច្ចសិក្សារៀនសូត្រ នៅស្ថានីយ៍ទូរទស្សន៍ការអប់រំចិន (CETV) លោក ឆុន វាសនា តំណាងក្រុមការងារក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា ការចុះទស្សនកិច្ចលើកពីក្រុមសិក្ខាកាមមន្ត្រី នាថ្ងៃទី២៩ ខែសីហានេះ មានគោលបំណងចម្បងសំខាន់ គឺចង់សិក្សាស្វែងយល់ពីគំរូ និងផែនការប្រតិបត្តិការរបស់ CETV ការអនុវត្តពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យអប់រំ សិក្សាពីបច្ចេកវិទ្យា និងវិធីសាស្ត្រ ផលិតមាតិកា អប់រំទំនើបរបស់ CETV។


លោកបន្តថា ទស្សនកិច្ចនេះ ក្រុមកាងារ ក៏ចង់ស្វែងយល់ពីការអភិវឌ្ឍ និងគ្រប់គ្រងវេទិកាអេឡិចត្រូនិក (e-Learning Platforms), ការបង្កើត និងរចនាមាតិកាឌីជីថលដែលមានគុណភាពខ្ពស់ (វីដេអូ កម្មវិធីអន្តរកម្ម ជាដើម), យុទ្ធសាស្រ្តចែកចាយមាតិកាតាមរយៈឆានែលផ្សេងៗ(ទូរទស្សន៍, សង្គមជាតិ, អនឡាញ), ការប្រើប្រាស់ទិន្នន័យធំ (Big Data) និងផ្នែកខាងវិភាគ (Analytics) ដើម្បីយល់ពីតម្រូវការអ្នកទស្សនា និងកែលម្អមាតិកា ការគ្រប់គ្រង និងបណ្តាញចែកចាយសិក្សាអេឡិចត្រូនិក ការសហការជាមួយស្ថាប័នអប់រំ និងអង្គការអន្តរជាតិ។
កញ្ញា ឆន ណាវី អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផងដែរថា តាមរយៈការទស្សនកិច្ចលើកនេះ ក្រុមសិក្ខាកាមមន្ត្រីពីក្រសួងព័ត៌មាន នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃពី CETV ដូចជាការកសាងផែនការសហការអនាគតក្នុងវិស័យផ្សព្វផ្សាយអប់រំរវាងកម្ពុជា-ចិន។
ទស្សនកិច្ចនេះ នឹងអាចពង្រឹងសមត្ថភាពរបស់ក្រសួងព័ត៌មាន ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអប់រំដែលទាន់ សម័យ និងមានប្រសិទ្ធភាពនៅកម្ពុជាផងដែរ។


«យើងខ្ញុំពិតជារំភើបចំពោះឱកាសនៃការចុះទស្សនកិច្ចនេះ និងសង្ឃឹមថានឹងទទួលបានការការគាំទ្រ និង មានឱកាសក្នុងការបញ្ជូនមន្ត្រីវ័យក្មេងរបស់ក្រសួងព័ត៌មានមកសិក្សាជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយ។»
«យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារសម្របសម្រួលភាគីចិន និងក្រុមការងាទូរទស្សន៍អំរំចិន ដែលបានបើកទូលាយ និងបានបង្ហាញនូវគោលជំហរសហប្រត្តិបត្តិការយ៉ាងរឹងមាំជួយក្រសួងព័ត៌មាន យើង ខ្ញុំក៏មិនភ្លេចអរគុណឯកឧត្តម នេត ភក្ត្រា ផងដែរដែលបានផ្តល់ឱកាសឲ្យយើងខ្ញុំបានមកចូលរួមវគ្គសិក្សា លើកនេះសូមអរគុណ។»

គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២៨-១០ ខែសីហា ឆ្នាំ ២០២៥ ដោយក្នុងនោះសិក្ខាកាមដែលចូលរួមវគ្គនេះ មានចំនួន២៥រូប អញ្ជើញមកពីអគ្គនាយកដ្ឋានជំនាញ ចំណុះក្រសួងព័ត៌មានដូចជា៖ អគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា (RNK) អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា (TVK) អគ្គនាយកដ្ឋាន ទីភ្នាក់ ងារសារព័ត៌មាន កម្ពុជា (AKP) ដែលផ្តោតសំខាន់ លើ ការងារផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីជាមួយគ្នានេះ ក៏មានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែល ផ្តោតលើការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់ គ្រង ពង្រឹងវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ សារព័ត៌មានរួម នឹងអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ដែលមានមុខងារគាំទ្រ លើ ដំណើរការការងាររបស់ក្រសួង និង អង្គភាពចំណុះទាំងអស់៕

ដោយ៖ ចរិយា





