ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុនទិញលក់ ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង នៅក្នុងខេត្តប៉ៃលិន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្តសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. ជាអ្នកប្រមូលទិញកសិផល រួមមានដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ទៅប្រទេសវៀតណាម ជួបជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំង នៅក្នុងខេត្តប៉ៃលិន។

ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្តសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. គ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន ៥០០,០០០តោន ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន៣០,០០០តោន គ្រាប់ស្វាយចន្ទី ២,០០០តោន និងគ្រាប់សណ្ដែកសៀងចំនួន ២,០០០តោន ក្នុងមួយឆ្នាំ។


ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ផ្សព្វផ្សាយរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





