ប្រធាននាយកដ្ឋានធនធានធម្មជាតិអាជ្ញាធរទន្លេសាបចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីគ្រប់គ្រង់តំបន់ទេសភាពទំនាបទន្លេសាបខាងជើង បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥-- លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារនៃអាជ្ញាធរទន្លេសាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រងតំបន់ទេសភាពទំនាបទន្លេសាបខាងជើង ភូមិសាស្រ្តខេត្តកំពង់ធំ និងខេត្តសៀមរាប ក្នុងគោលបំណងនៃកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រងតំបន់ទេសភាពទំនាបទន្លេសាបខាងជើង ភូមិសាស្រ្តខេត្តកំពង់ធំ និងខេត្តសៀមរាប។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សា មានពីរចំណុច ដែលទី១. មានការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន ស្តីពីនីតិវិធីនៃការរៀបចំការកំណត់បែងចែកតំបន់គ្រប់គ្រងតំបន់ការពារទេសភាពទន្លេសាបខាងជើង ក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប និងទី២. បានពិភាក្សា ផ្តល់យោបល់ និងផ្តល់ជាធាតុចូលសំខាន់ៗ ក្នុងការកែតម្រូវចំណុចសំខាន់ៗមួយចំនួន នៃផែនទី និងទិន្នន័យដែលមន្រ្តីជំនាញក្រសួងបរិស្ថានបានធ្វើបទបង្ហាញ។

កិច្ចប្រជុំពិភាក្សាខាងលើរៀបចំដោយក្រសួងបរិស្ថាន ព្រមទាំងមានចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំប្រទេសកម្ពុជា រដ្ឋបាលខេត្ត ស្រុក ឃុំ នៃខេត្តកំពង់ធំ និងខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តកំពង់ធំ និងសៀមរាប មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត ដែលមានសមាសភាពសរុបចំនួន ២៨នាក់។

កិច្ចប្រជុំនោះដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងអភិបាលខេត្តកំពង់ធំ និងឯកឧត្តមនៃ យុន លីនណេ អភិបាលរងអភិបាលខេត្តសៀមរាប៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





