ឯកឧត្តម គឹម ចាន់សំណាង អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកទិសខេត្តព្រះវិហារ
AKP កំពង់ធំ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គឹម ចាន់សំណាង ប្រធានមូលនិធិនៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសហការី ព្រមទាំងសប្បុរសជនកាលពីពេលថ្មីៗកន្លងទៅនេះបាននាំយកនូវគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់មួយចំនួនជូនដល់វីរកងទ័ព និងពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅជំរុំជនភៀសសឹកទិសខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តម គឹម ចាន់សំណាង បានសម្ដែងនូវការគោរពដឹងគុណកោតសរសើរខ្ពស់ដល់វីរភាពវីរយុទ្ធជនកងទ័ពរបស់យើងដែលបាន ខិតខំតស៊ូពុះពារប្រយុទ្ធប្រឆាំងតទល់ជាមួយនឹងចោរសៀមឈ្លានពាននៅក្នុងសមរភូមិ និងក្រាញននៀលការពារជាតិមាតុភូមិមិនឱ្យបាត់បង់មួយមីលីម៉ែត្រ ដើម្បីរក្សានូវបូរណភាពទឹកដីសុវណ្ណភូមិនៃយើងដែលជាកេរដំណែលរបស់ដូនតា និងរក្សាបាននូវសុខសុវត្ថិភាពជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយសុខក្សេមក្សាន្ត។


ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវនាំគ្នាមានស្មារតីជាតិនិយមឱ្យបានខ្ពស់បំផុត ជាពិសេសត្រូវប្រឆាំងដាច់ខាតនូវការបង្កឱ្យមានសង្គ្រាមឈ្លានពានរបស់ថៃមកលើព្រះរាជាណាចក្រកម្ពុជា ហើយគាំទ្រពេញទំហឹងនូវយុទ្ធសាស្ត្រ និងការដោះស្រាយប្រកបដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិជាធរមាន ប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះផងដែរវីរកងទ័ពយើងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម គឹម ចាន់សំណាង ប្រធានមូលនិធិនៃសភាសម្ព័ន្ធសហជីពកម្ពុជា និងក្រុមការងារដែលតែងតែគិតគូរយកចិត្តទុកដាក់ក្នុងនាមសមរភូមិក្រោយគាំពារសមរភូមិមុខ និងនាំយកនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ព្រមទាំងថវិកាមួយចំនួនមកសួរសុខទុក្ខលើកទឹកចិត្តដល់កងទ័ពជួរមុខក្នុងឱកាសនេះ និងក្នុងពេលកន្លងមក។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្តម គឹម ចាន់សំណាង បានជួបសំណេះសំណាលជាមួយវីរកងទ័ពយើងជាច្រើនទីតាំងព្រមទាំងជំរុំជនភៀសសឹក១កន្លែងនៅវត្តពើកព្រះគោ ដោយបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនដល់ជនភៀសសឹកចំនួន១០០គ្រួសារ៕


ដោយ ស៊ុម វណ្ណា





