គណៈប្រតិភូព្រឹទ្ធសភា និងសភាពាណិជ្ជកម្មអន្តរជាតិ ចុះពិនិត្យស្ថានភាពពលរដ្ឋនៅតំបន់ព្រំដែនជម្លោះកម្ពុជា-ថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥-- គណៈប្រតិភូជាន់ខ្ពស់មួយក្រុមដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានចុះទៅពិនិត្យមើលស្ថានភាពផ្ទាល់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ។ ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ទាហានថៃបានបណ្តេញប្រជាពលរដ្ឋកម្ពុជាចំនួន១២គ្រួសារចេញពីលំនៅឋាន និងបានហ៊ុមព័ទ្ធតំបន់នោះដោយបន្លាលួសកាលពីថ្ងៃទី១២ និង១៣ ខែសីហា កន្លងទៅ។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មបរទេសសំខាន់ៗមួយចំនួន រួមមានសភាពាណិជ្ជកម្មអាម៉េរិក អឺរ៉ុប អូស្ត្រាលី អ៊ីស្រាអែល ឥណ្ឌា ហ្វីលីពីន និងសិង្ហបុរី រួមទាំងក្រុមហ៊ុនឯកជនមួយចំនួនទៀត។ វត្តមានរបស់គណៈប្រតិភូអន្តរជាតិនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះសភាពការណ៍ដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ក្នុងដំណើរទស្សនកិច្ច ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងគណៈប្រតិភូបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដោះស្រាយបញ្ហានេះដោយ ភាពអត់ធ្មត់ និងចាស់ទុំ ស្របតាមគោលការណ៍កិច្ចការទូត និងបទឈប់បាញ់ដែលបានអនុវត្តតាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋដែលមិនអាចត្រឡប់ទៅផ្ទះវិញបាន ឯកឧត្តមបានផ្តល់អំណោយមួយចំនួនដល់ពួកគេក្នុងឱកាសនោះផងដែរ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ឱ្យមាន ជំនឿចិត្តពេញលេញ លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការ តស៊ូ អត់ធ្មត់ និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។


ក្នុងដំណើរចុះពិនិត្យនេះ គណៈប្រតិភូក៏បានជួបប្រជុំជាមួយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជួយខេត្តផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ស៊ីជម្រៅអំពីភូមិសាស្ត្រ និងស្ថានភាពជាក់ស្តែងនៃតំបន់ជម្លោះ ដើម្បីរៀបចំយុទ្ធសាស្ត្រដោះស្រាយឱ្យមានប្រសិទ្ធភាព៕

ដោយ ឈុន សារ៉ាត





