ក្រុមការងារអង្គការ MCC ដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតជាង១០០០ឈុត ដើម្បីការពារបរិស្ថានសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥-- ក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជា MCC មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការចែករំលែកគោលជំហានដ៏ធំមួយសម្រាប់ការអភិរក្សសមុទ្រនៅកម្ពុជា។ មន្រ្តីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ថា ចាប់តាំងពីឆ្នាំ២០១៧ មកទល់ពេលនេះ អង្គការ MCC បានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតជាង ១ ០០០ ឈុត ដើម្បីការពារបរិស្ថានសមុទ្រដែលងាយរងការប៉ះពាល់ បង្កើតជម្រកថ្មីសម្រាប់ពពួកវារីសត្វ និងទប់ស្កាត់បទល្មើសនេសាទប្រភេទអូសស្រទាប់បាតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រកែប។

ក្រោមកិច្ចសហការគាំទ្ររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជា MCC បានការពារដែនសមុទ្រប្រមាណជា ៣,៥០០ ហិកតា នៅខេត្តកែប និង ១០០ ហិកតា នៅខេត្តកំពត មុនពេលចាប់ផ្តើមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ហើយបានបន្តការពារបន្ថែមទៀតជាង ៩ ០០០ ហិកតា នៅខេត្តកែប និង ២៥០ ហិកតា នៅខេត្តកំពតក្រោយពេលគម្រោងSCMFនេះត្រូវបានបង្កើតឡើង៕


ដោយ ណយ នឿន (ប្រភព៖ MCC)





