សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពីការធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត DSF
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥-- លោក ហេង បូរាណ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត (Decision Support Framework-DSF)។ សិក្ខាសាលាបណ្តុះបណ្តាលនេះមានវត្តមានចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ អាជ្ញាធរទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម ក្រុមការងារជំនាញការម៉ូដែលថ្នាក់តំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងក្រុមការងារម៉ូដែលថ្នាក់ជាតិ សរុបចំនួន១៩រូប។

សិក្ខាសាលានេះជាកិច្ចការងារអាទិភាពមួយនៃផែនការអនុវត្តរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសអ្នកជំនាញការម៉ូដែលថ្នាក់ជាតិក្នុងការប្រើប្រាស់កម្មវិធីដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ រៀបចំឡើងសម្រាប់បម្រើជាឧបករណ៍គំរូស្នូលនៃក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត ដើម្បីគាំទ្រដល់ការវិភាគសេណារីយ៉ូនៃផែនការអាងទឹក (អាងទន្លេ អាងបឹង) និងការធ្វើសេចក្តីសម្រេចចិត្ត របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ តាមរយៈការអនុវត្តផ្ទាល់ ដោយផ្តោតលើចំណុចសំខាន់ក្រុងការរៀបចំ ទិន្នន័យ ម៉ូដែលគំរូជលសាស្ត្រ ប្រតិបត្តិការម៉ូដែល និងការធ្វើផែនទីទឹកជំនន់។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ៖ ទី១. ការណែនាំពីរចនាសម្ព័ន្ធសមាសធាតុប្រព័ន្ធនៃឧបករណ៍គំរូក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត។ ទី២. ជំរុញការយល់ដឹងបន្ថែមពីដំណើរការលំហូរប្រតិបត្តិការនៃការធ្វើបច្ចុប្បន្នចុងក្រោយនៃកម្មវិធី DSF។ ទី៣. ផ្តល់ការអនុវត្តផ្ទាល់ជាក់ស្តែងដូចជា ការដំឡើងនិងប្រើប្រាស់កម្មវិធី MRC- NAM ,MIKE Workbench Mike+ ការរៀបចំទិន្នន័យ ការចុះឈ្មោះប្រើប្រាស់កម្មវិធី ការគ្រប់គ្រងសេណារីយ៉ូ និងការឱ្យប្រសើរឡើងក្នុងការរៀបចំផលិតផែនទីទឹកជំនន់ ព័ត៌មានជម្រៅទឹក ទៅតាមទិន្នន័យកម្ពស់ទឹករួមបញ្ចូលនៅក្នុង DSFផងដែរ។


សូមជម្រាបជូនថា សិក្ខាសាលាបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីជាមូលដ្ឋានកិច្ចខិតខំក្នុងការរៀបចំឯកសារចុងក្រោយ ដែលបានអនុវត្តពេញលេញជាក់ស្តែង នៃការធ្វើបច្ចុប្បន្នភាពឧបករណ៍គំរូក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត DSF ដែលរំពឹងថានឹងដាក់ស្នើសុំការអនុម័តជាផ្លូវការពីប្រទេសសមាជិកមេគង្គនាពេលខាងមុខ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





