ឯកឧត្ដម ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ ជំនួសឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពតរួចមក។ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងរាជធានីភ្នំពេញនេះធ្វើឡើងនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានវត្តមានចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញរក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ មិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ។ ជាមួយគ្នានេះដែរ ខណៈនៅតាមព្រំដែនមានការប៉ះទង្គិចគ្នាដោយអាវុធ ដែលបង្កឡើងដោយទាហានថៃ រំលោភមកលើបូរណភាពទឹកដីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានកៀរគរសប្បុរសជន ឱ្យចូលរួមជាមួយរដ្ឋបាលរាជធានី ក្នុងការបរិច្ចាគគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាដើម្បីប្រគល់ជូនទៅបងប្អូនកងទ័ពជួរមុខ និងបងប្អូនជាជនភៀសសឹក។ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាដែលបានមកពីសប្បុរសជន រដ្ឋបាលរាជធានីភ្នំពេញបានយកទៅប្រគល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹកបានចំនួន២១លើក។


ឯកឧត្ដម ឃួង ស្រេង បានបន្ដថា អនុវត្តតាមការចង្អុលណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីបានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់រថយន្តចំនួន៤៨០គ្រឿង។ យើងបានធ្វើការអភិវឌ្ឍរាជធានីឱ្យមានការអភិវឌ្ឍរីកចម្រើន ហើយកាលពីថ្ងៃទី១០ កក្កដា ២០២៥កន្លងមកនេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត យើងបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត។ យើងបានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិ និងបរទេស មកដើរលេងកម្សាន្ត ក្នុងថ្ងៃសៅរ និងថ្ងៃអាទិត្យ ដោយ១ថ្ងៃមានភ្ញៀវមកកម្សាន្តពី៨ទៅ១០ម៉ឺននាក់ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ អង្គភាពនានា អង្គការសង្គមស៊ីវិល ពិសេសគឺសាមគ្គីភាពសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។
ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានលើកឡើងពីស្ថានភាពនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជាជាមួយនឹងកងទ័ពថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កក្កដា ដែលសង្គ្រាមនេះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតកងទ័ពនិងប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់។ ឯកឧត្ដមក៏បានថ្លែងនូវការអរគុណចំពោះសម្ដេចបវរធិបតីហ៊ុន ម៉ាណែតដែលបានស្វែងរកសន្តិភាពជូនកម្ពុជានៅថ្ងៃទី២៨ខែកក្កដា ដែលឈានទៅដល់មានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ។ បើទោះបីមានបទឈប់បាញ់ក្តី ក៏ប៉ុន្តែស្ថានភាពព្រំដែននៅតែមានបញ្ហាស្មុគស្មាញមិនចេះចប់ បង្កឡើងដោយទាហានថៃឈ្លានពាន។


ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះក្រុមប្រឹក្សានិង គណៈអភិបាលរាជធានីភ្នំពេញ ដែលបានសម្រេចនូវលទ្ធផលការងារយ៉ាងល្អប្រសើរ ដែលនឹងរុញកម្ពុជាឱ្យសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីដែលត្រូវបានតែងតាំងថ្មីបានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារ ការពាររាជរដ្ឋាភិបាលទោះក្នុងតម្លៃណាក៏ដោយ ប្តេជ្ញាគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឹងម៉ាត់បំផុត។ ប្តេជ្ញាគោរពតាមសេចក្តីសម្រេចនានារបស់ក្រសួងមហាផ្ទៃ។ ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ សង្កាត់សុវត្ថិភាព។ ប្តេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាពនិងរក្សាសន្តិភាពឱ្យបានទោះបីក្នុងតម្លៃណាក៏ដោយ៕
ដោយ សួស សំរិត





