កិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូលពន្ធគយ អាករពិសេស អាករតម្លៃជាបន្ទុករបស់រដ្ឋនូវបរិក្ខាផលិតកម្មសម្រាប់រោងចក្រកេសកាតុង សម្ភារបរិក្ខាផលិតកម្ម
AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូលពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវសម្ភារបរិក្ខាផលិតកម្ម និងធាតុចូលផលិតកម្មសម្រាប់គម្រោងវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង ផលិតផលពីក្រដាស សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់សន្សំគ្រប់គ្រងគ្រប់ប្រភេទរបស់ក្រុមហ៊ុន HEYING PACKAGING CAMBODIA Co., LTD នារសៀលថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។


ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថា តាមសំណើរបស់រោងចក្រផលិតកេសកាតុង ដែលបានចុះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅអនុគណ:កម្មការវិនិយោគខេត្តព្រះសីហនុ ដែលមានទុនវិនិយោគក្រោម៥លានដុល្លាអាមេរិក ដែលជាគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត) ម្យ៉ាងទៀតដើម្បីឱ្យដំណើការបានស្របតាមការត្រួតពិនិត្យរបស់អនុគណ:កម្មការវិនិយោគខេត្តព្រះសីហនុ ដែលមានមន្ទីរ អង្គភាពជំនាញបានចូលរួមសម្របសម្រួលតាមនីតិវិធីឱ្យក្រុមហ៊ុនអាចចាប់ដំណើការនាំចូលនូវវត្ថុធាតុដើម ក៏ដូចជាគ្រឿងបង្គំ សម្ភារ បរិក្ខាផលិតកម្មឱ្យដំណើការនៅពេលខាងមុខ ដូច្នេះក្រៅពីរោងចក្រផលិតកេសកាតុង ផលិតផលពីក្រដាស សម្ភារវេចខ្ចប់ យើងត្រូវជួយសម្របសម្រួលការបង្កើតរោង ចក្រផ្សេងៗទៀតមានដូចជារោងចក្រម្ហូបអាហារ ដើម្បីធានាការចែកចាយផលិតផលក្នុងព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គ្រប់ផ្នែក និងជំនាញពាក់ព័ន្ធត្រូវគិតគូរពីការនាំចូល គ្រឿងបង្គំ និងវត្ថុធាតុដើមយកមកផលិត ដោយការវាយតម្លៃឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយ ដូច្នេះសមាជិកក្រុមការងារដែលមានមន្ទីរ អង្គភាពជំនាញត្រូវប្រមូលព័ត៌មាន និងម្ចាស់ការដោយការទទួលខុសត្រូវតាមជំនាញរៀងៗខ្លួនស្របតាមស្តង់ដារ។ ទន្ទឹមនោះយើងក៏ត្រូវគិតគូរពីអនាម័យ បរិស្ថានដោយធ្វើការដាំដុះដើមឈើឱ្យមានពណ៌បៃតង ដើម្បីផាសុកភាពដល់បុគ្គលិក កម្មករនៅក្នុងរោងចក្រ យើងត្រូវជួយពង្រឹងនិងរុញច្រានការវិនិយោគ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

ដោយ ងូ សុមុនី





