អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅតែបន្តអំពាវនាវដល់ភាគីថៃឱ្យប្រគល់មកវិញនូវកងកម្លាំងទាំង១៨នាក់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥--
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា កម្ពុជានៅតែបន្តអំពាវនាវដល់ភាគីថៃឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងទាំង ១៨នាក់ ដើម្បីបានមកជុំក្រុមគ្រួសារដែលទន្ទឹងរង់ចាំទាំងយប់ ទាំងថ្ងៃ។ ការលើកឡើងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមជម្រាបជូនថា កងកម្លាំងកម្ពុជាទាំង១៨នាក់ត្រូវបានទាហានថៃចូលមកចាប់ខ្លួនដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានភ្លាមៗ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមក ទល់ពេលនេះគឺមានរយៈពេល៣១ថ្ងៃហើយ។ បើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថា កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិគឺនៅតែបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនដែលស្ថិតក្រោមច្បាប់អន្តរជាតិ ហើយយើងមិនទុកសមាជិកក្រុមគ្រួសាររបស់យើងណាម្នាក់ចោលឱ្យឯកោជាដាច់ខាត៕

ដោយ៖ ចាន់ សុភឿន





