ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១២គ្រួសារក្នុងស្រុកចំការលើទទួលបានអំណោយមនុស្សធម៌របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១២គ្រួសារ ក្នុងឃុំចំនួន២របស់ស្រុកចំការលើ បានទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដោយប្រគល់ជូនដោយផ្ទាល់តាមរយៈលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមជាមួយថ្នាក់ដឹកនាំទាំងអស់សូមចូលរួមសម្តែងការសោកស្តាយជាមួយ ក្រុមគ្រួសាររងគ្រោះដោយមហន្តរាយធម្មជាតិ និងបានពាំនាំនាំនូវការសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ជានិច្ចជាកាល ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងតែចាត់តំណាងឱ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ដើម្បីជួយជាសម្រាលទុក្ខលំបាក ទាន់ពេលវេលា ក្រោមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

សូមជម្រាបជូនថា អំណោយដែលផ្ដល់ជូនពលរដ្ឋរងផលប៉ះពាល់ទាំង១២គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីត១សម្រាប់ និងថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី៣០០,០០០រៀល ដល់១០០,០០០រៀល។


សូមបញ្ជាក់ថា កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំង បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ១២ខ្នង រងផលប៉ះពាល់ខូចខាតក្នុងកម្រិតមធ្យម និងកម្រិតស្រាល៕
ដោយ ឆាយ ម៉ុត





