សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាព និងលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងការអនុវត្តផែនការយុទ្ធសាស្ត្រ រួមគ្នាពន្លឿន ការឆ្លើយតប ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍"
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលាស្តីពី “បច្ចុប្បន្នភាព និងលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងការអនុវត្តផែនការយុទ្ធសាស្ត្រ រួមគ្នាពន្លឿន ការឆ្លើយតប ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍" ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្ត ដែលតំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមយ៉ាងច្រើនកុះករពីអភិបាលរងក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរ និងអង្គភាពនានា មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ វត្តមានរបស់ភាគីពាក់ព័ន្ធទាំងអស់នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងនាមជាតំណាងលោកអភិបាលខេត្ត លោកស្រី រស់ សុផានី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរួមចំណែកកាត់បន្ថយការឆ្លងមេរោគអេដស៍ និងផ្តល់ការថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងបញ្ជាក់ថា កត្តាជោគជ័យនេះកើតចេញពីកិច្ចសហការល្អរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូនានា។

ជាមួយគ្នានោះដែរ លោកស្រីបានគូសរំលេចអំពីសារៈសំខាន់នៃការអនុវត្តផែនការយុទ្ធសាស្ត្រ “រួមគ្នាពន្លឿន ការឆ្លើយតប ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍”។ ផែនការនេះមិនត្រឹមតែផ្តោតលើការពង្រឹងវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការអប់រំ និងការយល់ដឹងអំពីមេរោគអេដស៍ដល់សាធារណជន ដើម្បីបំបាត់ការរើសអើង និងផ្តល់ភាពកក់ក្តៅដល់អ្នករងផលប៉ះពាល់។

លោកស្រីបានរំលឹកថា ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍នៅមិនទាន់បញ្ចប់នៅឡើយទេ។ហើយ បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ឱ្យបន្តការយកចិត្តទុកដាក់ និងបង្កើនសកម្មភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការផ្តល់សេវាព្យាបាល និងការពារការចម្លង និងបានសង្កត់ធ្ងន់ថា ការការពារគឺជាកត្តាដ៏សំខាន់បំផុត ដើម្បីឈានទៅដល់គោលដៅ បញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០៣០ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការបង្កើនយុទ្ធនាការផ្សព្វផ្សាយព័ត៌មានដល់ក្រុមគោលដៅងាយរងគ្រោះ ជាពិសេសយុវជន ដើម្បីឲ្យពួកគេមានចំណេះដឹងគ្រប់គ្រាន់ក្នុងការការពារខ្លួន។

សូមជម្រាបថាសិក្ខាសាលានេះបានបញ្ចប់ដោយភាពជោគជ័យ និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ គ្រប់អ្នកចូលរួមទាំងអស់បានយល់កាន់តែច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងបានរួមគ្នាកសាងផែនការសកម្មភាពជាក់ស្តែង ដើម្បីពន្លឿនការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព។ ការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅរួម គឺការបញ្ចប់ការចម្លងមេរោគអេដស៍ក្នុងខេត្តបន្ទាយមានជ័យនាពេលអនាគត៕
ដោយ ឈុន សារ៉ាត





