លោកជំទាវ ជូ ប៊ុនអេង៖ កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥--លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេព្រោះអីកម្ពុជា ធ្លាប់បានហែលឆ្លងភ្លើងសង្គ្រាមរួចមកហើយ។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាស លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបួងសួង ដើម្បីសុំសេចក្តីសុខជូនប្រជាជនកម្ពុជា ពិសេសវីរកងទ័ពដែលកំពុងបំពេញ ភារកិច្ចការពារបូរណភាពទឹកដីពីសត្រូវការឈ្លានពាន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ គណៈអភិបាលរង ខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង លើកឡើងថា កម្ពុជាបានទទួលនូវការឈឺចាប់ពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាង (សៀម) ដែលចង់បានទឹកដីរបស់កម្ពុជាយើង។ កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ប្រទេសសៀមបានបើកការវាយប្រហារមកលើកម្ពុជាមុន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ខ្លះបានរងរបួស និងបានពលីក្នុងសមរភូមិ។ ទាំងនេះគឺជាលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារនូវបូរណភាពទឹកដីការឈ្លានពានរបស់សត្រូវ។ ជាមួយកិច្ចខិតខប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវលទ្ធផលបទឈប់បាញ់ដោយឥតលក្ខខណ្ឌប្រកបដោយផ្លែផ្កា។

លោកជំទាវក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ និងជឿជាក់ទៅលើរដ្ឋាភិបាលកម្ពុជា ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងខិតខំធ្វើយ៉ាងឱ្យសភាពការណ៍នៅតាមព្រំដែនវិលត្រលប់ដូចធម្មតាវិញ៕


ដោយ ឈុន សារ៉ាត





