រដ្ឋបាលខេត្តកំពង់ស្ពឺធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃចំនួន២០០អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទគ្រប់ទិសទីបានធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃចំនួន២០០អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពគ្រប់រូបដែលពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងឧទ្ទិសមហាកុសលដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិគ្រប់សន្តានក្នុងសង្សារវដ្ត ដែលប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅវត្តមុនីរតនារាម ហៅវត្តមករខាងជើង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ការរៀបចំពិធីបុណ្យនេះគឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជាឱ្យមានសុខសន្តិភាព។ ក្នុងពិធីដ៏មានអត្ថន័យនេះ ព្រះសង្ឃបានសូត្រធម៌ បង្សុកូល៧ចប់ ដើម្បីឧទ្ទិសកុសលដល់វីរកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិតរបស់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងការពាព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត រួមជាមួយប្រជាពុទ្ធបរិស័ទក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថាកម្ពុជាតែងតែប្រាថ្នានូវសន្តិភាព មិនចង់ឈ្លានពានប្រទេសណាមួយឡើយ តែនឹងមិនអនុញ្ញាតឲ្យបរទេសណាមកឈ្លានពានលើទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រណាដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយគ្មានឯកសារ ឬខុសច្បាប់ ដែលប្រឈមនឹងហានិភ័យខ្ពស់ ដូចជាការកេងប្រវ័ញ្ច និងការរំលោភបំពាននានា ដោយឯកឧត្តមបណ្ឌិតបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់របស់បងប្អូនទាំងអស់ដែលបានសម្រេចចិត្តវិលត្រឡប់មកវិញ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនពិចារណាស្វែងរកការងារក្នុងស្រុក ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំបង្កើតការងារ និងឱកាសវិនិយោគកាន់តែច្រើន។ ការងារនៅស្រុកកំណើតផ្តល់នូវសុវត្ថិភាពខ្ពស់ ទាំងផ្នែកច្បាប់ ការងារ និងសុខុមាលភាពផ្ទាល់ខ្លួន៕

ដោយ លឹម សាន្ត





