ពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទបន្ទាយទ័ព បង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន និងកងទ័ពនៅតាមព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥--លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងែទី២៤ ខែសីហា ឆ្នាំ២០២៥ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទបន្ទាយទ័ពនៅក្នុងស្រុកថ្មពួក ដោយពិធីនេះរៀបចំឡើងក្នុងគោលបំណងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនប្រជាជនកម្ពុជាទាំងមូល និងជាពិសេសជូនដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសថៃ។

ពិធីដ៏មានអត្ថន័យនេះបានប្រារព្ធធ្វើឡើងនៅប្រាសាទបុរាណបន្ទាយទ័ព ដែលស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ការជ្រើសរើសទីតាំងប្រាសាទបន្ទាយទ័ពនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយទីតាំងនេះតំណាងឱ្យកម្លាំងការពារ និងក្ដីសង្ឃឹមរបស់ប្រជាជនក្នុងតំបន់ព្រំដែន។

ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងប្រសាសន៍ដោយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំពោះសុខុមាលភាពរបស់ប្រជាជន និងសុវត្ថិភាពរបស់កងទ័ព។ លោកជំទាវបានលើកឡើងថា ការបួងសួងនេះមិនមែនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពដែលបានលះបង់កម្លាំងកាយចិត្តការពារប្រទេសជាតិ។

លោកជំទាវបានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ប៉ុន្តែការការពារព្រំដែននៅតែជាភារកិច្ចចម្បងដែលទាមទារការចូលរួមពីគ្រប់ភាគី។ ដូច្នេះ ការបួងសួងសុំសេចក្ដីសុខនេះគឺដើម្បីលើកទឹកចិត្តដល់កងទ័ព និងផ្ដល់កម្លាំងចិត្តដល់ប្រជាជនឱ្យបន្តរួមគ្នាថែរក្សាសុខសន្តិភាពដែលកំពុងមាន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរជាច្រើនរូប រួមមាន៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងអភិបាលរង, ប្រធានមន្ទីរ, អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ វត្តមានរបស់ថ្នាក់ដឹកនាំខេត្ត និងការចូលរួមដ៏ផុសផុលពីប្រជាពលរដ្ឋបានបង្ហាញឱ្យឃើញពីការរួបរួមគ្នាក្នុងស្មារតីជាតិដ៏រឹងមាំ។ ពិធីនេះបានបញ្ចប់ដោយបរិយាកាសរីករាយ និងភាពកក់ក្ដៅ ដែលជាសញ្ញាមួយបញ្ជាក់ពីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងប្រជាជនក្នុងការថែរក្សាការពារសន្តិភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិ៕

ដោយ ឈុន សារ៉ាត





