ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយពលករ វិលត្រឡប់ពីប្រទេសថៃ ជិត១ពាន់នាក់ នៅស្រុកបូរីជលសារ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ សរុបប្រមាណ ៩៣៣នាក់នៅសាលាស្រុកបូរីជលសារ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តរដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានជម្រាបជូនបងប្អូនពលករអំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ព្រមទាំងបានពាំនាំនូវទឹកចិត្តស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោនិងសម្តេចធិបតី ចំពោះបងប្អូនពលករយើងដែលធ្វើការនៅប្រទេសថៃ ហេតុដូច្នេះទើបសម្តេចទាំងទ្វេរអំពាវនាវឱ្យបងប្អូនយើងត្រឡប់មកកម្ពុជាយើងវិញក្នុងគោលដៅការពារសុវត្ថិភាពពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។

ឯកឧត្តម រដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនពលករយើងស្វែងរកការងារនៅក្នុងប្រទេសយើងវិញ និងខិតខំរួមសាមគ្គីជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសង្គមកម្ពុជាឱ្យបានរីកចម្រើនបន្តទៀត ហើយ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ស្រង់ឈ្មោះបងប្អូនពលករដែលមានជំនាញផ្សេងៗគ្នា ដើម្បីស្វែងរកការងារជូនពួកគាត់ផងដែរ ៕

ដោយ៖ ណយ នឿន , ប្រភព៖ក្រសួងប្រៃសណីយ៍





